ភ្នំពេញ៖ ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០១៨ ហើយក៏ជាថ្ងៃឡើងស័ក្កនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលប្រជាជនខ្មែរនាំគ្នាសាទរសប្បាយនោះ តែខ្លោចផ្សា លោក ទិត្យ វិច្ឆិកា បែរជួបទុក្ខធំចំថ្ងៃដ៏សប្បាយនេះ ខណៈម្តាយដែលលោកតែងពោលពាក្យបង្ហាញមហាជន ថា គាត់ជាអាយុជីវិត ហើយក៏ជាអ្នកមានគុណម្នាក់ដែលរមែងចាំលើកទឹកចិត្តលោកអោយចេះងើបឈរវិញ ក្រោយពេលដួលសន្លប់មួយរយៈមុននេះ។
មរណៈភាពម្តាយលោក ទិត្យ វិច្ឆិកា ធ្វើឲ្យលោកពិបាកចិត្តខ្លោចផ្សារយ៉ាងខ្លាំង ខណៈមិនសូវមានអ្នកជួនដំណើរម្តាយដោយសារចូលឆ្នាំ សូម្បីសាច់សារហលោហិតខ្លះរបស់លោកក៏មិនបានចូលរួមផង។
ជាមួយគ្នានោះក៏បញ្ចេញសារសោកស្ដាយទាំងក្ដុកក្ដួលថា«ចាប់តាំងពី១វិនាទី ពេលដែលខ្ញុំកើតមកអ្នកម្តាយតែងតែថ្នាក់ថ្នមថែរក្សារហូតដល់ខ្ញុំដឹងក្តី អ្នកម្តាយតែងតែតម្រង់ផ្លូវអោយខ្ញុំក្លាយជាមនុស្សល្អ ម៉ែតែងតែផ្តល់កំលាំងចឹត្តរាល់ពេលដែលខ្ញុំលោតឆត្រចេញពីយន្តហោះ ម៉ែតែងតែញញឹមរាល់ថ្ងៃពេលដែលខ្ញុំក្លាយជាអ្នកចម្រៀង»។
ខណៈលោកបន្តទាំងបន្ដោសខ្លួនឯងទៀតថា«ម៉ែតែងតែអោយពរជ័យខ្ញុំគ្រប់ប្រការពេលដែលខ្ញុំចេញទៅធ្វើការសង្គមនៅតាមតំបន់ដាច់ស្រយាល ។ តែសំរាប់ខ្ញុំវិញជាកូនអក្តញូបំផុតដែលមិនបានបំពេញភារកិច្ចជាកូនល្អជូនម៉ែ ហើយមិនបានធ្វើអោយម៉ែមានសុភមង្គលដូចម្តាយគេដ៍ទៃបាន ពេលនេះអ្នកម្តាយលាហើយ ហើយលារហូត បើមានជាតិក្រោយមែន ខ្ញុំសុំធ្វើជាកូនរបស់ម៉ែបន្តទៀត ហើយសូមជួបម៉ែគ្រប់ៗជាតិណាម៉ែ »។
ទន្ទឹមនិងនោះលោកក៏លើកឡើងទៀតថា«តែពេលនេះមានទុក្ខធំ កុំថាឡើយមិត្រភ័ក្រ សូម្បីតែពួកក្មួយៗបង្កើតមួយចំនួន ក៏គេមិនមកជូនដំណើរលោកយាយរបស់ពួកគេដែរ ។ ខ្ញុំជាកូនអក្តញូបំផុតដែលមិនបានបំពេញភារកិច្ចជាកូនល្អជូនម៉ែ អ្នកម្តាយដូចជាកំសត់ពេកហើយ »។
ជាចុងក្រោយលោកក៏ថ្លែងអំណរគុណដល់ចំពោះញាតិមិត្តជិតខាងដែលបានចូលរួមរំលែកទុក្ខផងដែរ ដោយលើកឡើងថា«បាទសូមជូនកុសល្យផលបុណ្យ ចំពោះបងប្អូនទាំងអស់គ្នា សូមជួបប្រទះតែសេចក្តីសុខ នឹងសុភមង្គលគ្រប់ប្រការកុំបីឃ្លាងឃ្លាតឡើយ ។ ពេលធ្វើការសង្គមខ្ញុំរីករាយខ្លាំងណាស់ ព្រោះមានបងប្អូនរាប់អានច្រើន »។
