កូរ៉េខាងត្បូង៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីចូលរួមបើកកម្មពិធីសង្រ្កាន្តនៅកូរ៉េកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលមានវត្តមានចូលរួមពីគណៈអធិបតី៣រូបទៀត គឺឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េ, ឯកឧត្តម ហេង សួរ និងឯកឧត្តម សេង សក្កដា។ ជាមួយគ្នានោះក៏មានវត្តមានលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានដឹកនាំសិល្បករសិល្បការិនីទៅសម្តែងជូនបងប្អូនពលករខ្មែរនៅទីនោះផងដែរ។

ទន្ទឹមនោះ ឯកឧត្តម អ៊ិត សំហេង បានសរសើរឧកញ៉ាវ័យក្មេងមិនដាច់ពីមាត់ថា ជាគំរូដ៏ល្អមួយដែលប្រឹងប្រែង និងបានការតស៊ូពីជីវិតពលករនៅកូរ៉េ វិវឌ្ឍខ្លួនក្លាយជាឧកញ៉ាវ័យក្មេង ហើយមិនត្រឹមតែប៉ុណ្ណោះទេលោកបានជួយជ្រោមជ្រែងបងប្អូនពលករខ្មែរទៀតផង។

អ្វីដែលពិសេសជាងនេះទៅទៀត ឧត្តមរដ្ឋមន្ត្រី ចង់ឲ្យបង្កើតវីដេអូប្រវត្តិតស៊ូរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីទុកជាគំរូជូនបងប្អូនពលករខ្មែរ ឲ្យធ្វើយ៉ាងណាត្រូវចេះកែប្រែខ្សែជីវិត ដូចលោក ណាវ៉ាត្រា ឬប្រសើរជាងនេះ ព្រោះថា ឯកឧត្តម មិនចង់ឃើញបងប្អូនមកធ្វើការរាប់ឆ្នាំពេលត្រលប់មកស្រុកខ្មែរវិញគ្មានសល់អ្វីជាដុំកំភួននោះឡើយ ពោលគឺឯកឧត្តមចង់ឲ្យពលករខ្មែរ ក្រោយត្រលប់ទៅស្រុកកំណើតវិញ បានទាំងចំណេះដឹង ចំណេះធ្វើពាក់ព័ន្ធវិស័យនីមួយៗ មកអនុវត្តនៅលើទឹកដីកម្ពុជា។