ភ្នំពេញ៖ អតីតគ្រូបង្រៀននៅសាកលវិទ្យាល័យ ន័រតុន លោក ម៉ី វឌ្ឍនា ហៅ អែម ដែលល្បីកាលពីជាង ២០ឆ្នាំមុន  ពេលនេះត្រូវធ្លាក់ខ្លួនរស់នៅក្នុងវត្តបារាយណ៍ ហើយមានជំងឺប្រសៃប្រសាទទៀត ទើបធ្វើឲ្យលោកបាត់ការចងចាំអស់។

ឃើញស្ថានភាពលោកគ្រូយ៉ាប់យ៉ឺនពេកអតីតនិស្សិតឈ្មោះ ហុង ស្រីនាង បានអំពាវនាវរកសម្បុរសជនជិតឆ្ងាយមេត្តាជួយលោកគ្រូផង ដោយនាងបានលើកឡើងក្នុងសំណេរថា «លោកគ្រូ ម៉ី វឌ្ឍនា ហៅ អែម បង្រៀន នៅ Banana ( Norton University ) មុនគេ និង ជាអ្នកបើក យន្តហោះម្នាក់នៅភ្នំពេញមុនគេ ប៉ុន្តែគាត់បានបាត់បង់ស្មារតី។ ដូច្នេះ បើអតីតនិស្សិតនៃសាកលវិទ្យាល័យ ន័រតុន បានឃើញហើយ សូមជួយឧបត្ថម្ភគាត់ផង»។

គួរបញ្ជាក់ថា លោកគ្រូ ម៉ី វឌ្ឍនា ចេះ ៥ភាសា រួមមាន បារាំង រុស្ស៊ី អង់គ្លេស ថៃ វៀតណាម និងប្រែបាលីបានយ៉ាងល្អទៀតផង។ ហើយពេលនេះមិនដឹងថាលោកមានផ្ទះសម្បែងឬយ៉ាងណានោះទេ ហើយក៏មិនដឹងថាលោកមានកូនចៅឬគ្មាននោះដែរ ពោលគឺលោកគ្រូហាក់ភ្លេចភ្លាំងអស់ហើយ។