ភ្នំពេញ៖ ថ្វីត្បិតតែការស្លៀកពាក់ជាសិទ្ធិសេរីភាពរបស់បុគ្គលក្តី ប៉ុន្តែបើយើងស្លៀកពាក់មិនចេះរិះគិតនោះនឹងបណ្តាលឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងទំនៀមទំលាប់ទៀតផង អញ្ចឹងហើយក្នុងនាមជាជាតិសាសន៍ខ្មែរ គួរណាស់តែចូលរួមថែរក្សាវប្បធម៌ទាំងអស់គ្នា ហើយបើបុគ្គលតែម្នាក់ ឬមួយក្រុមមកថែរក្សាវប្បធម៌នោះទៅវាមិនរួចទេ ពោលគឺផ្តើមពីយុវជនទាំងអស់គ្នានឹងហើយ។

ជាក់ស្តែង អ្នករៀបចំកម្មវិធីកម្សាន្តម្នាក់ ឬអាចហៅបានថា MC បានស្លៀកខោរលេចគូឡើងទៅនិយាយក្នុងកម្មវិធីធ្វើដូចធម្មតា ហាក់គ្មានភាពខ្មាសអៀនអ្វីបន្តិចសោះឡើយ ចុះភ្លេចអស់ហើយមែនទេ ពាក្យចាស់ថា «កូនស្រីត្រូវរៀបឫកឲ្យដូចសំពត់ក្នុងផ្នត់នោះ»។ យើងដឹងថា បច្ចុប្បន្នមានការអភិវឌ្ឍម្ល៉ោះហើយយើងមិនទាមទារឲ្យកូនស្រីដូចសំពត់ក្នុងផ្នត់ពេកនោះទេ គ្រាន់តែមុននឹងស្លៀកពាក់សូមបងប្អូនពិចារណាផង តើធ្វើចឹងអាចប៉ះពាក់ដល់អ្នកណាអត់? ឬប៉ះពាល់ដល់ប្រពៃណីអត់?

ព្រោះតែរឿងហ្នឹងហើយបានជាលោក តាំង គីមឡេង កាលពីម្សិលមិញថ្ងៃទី១៨ មេសា បានបង្ហាញអារម្មណ៍មិនពេញចិត្តក្នុងសំណេររបស់លោកថា «វាជារឿងហួសហេតុពេកពីមួយថ្ងៃទៅមួយថ្ងៃហេតុអ្វីនារីមួយចំនួនចូលចិត្តធ្វើឲ្យវប្បធម៌ស្រ្តីខ្មែរធ្លាក់ចុះបែបនេះ​ តើពេលណាទើបយើងអាចដើរតាមគន្លងមួយដែលល្អឲ្យប្រទេសដទៃមើលឃើញទៅ។ ខ្ញុំមិនដឹងថាពួកគាត់គិតបែបណាទេក្នុងការស្លៀកពាក់​ ក្នុងការនិយាយស្តី​ ប៉ុន្តែបើសិនជាគាត់ស្លៀកឲ្យបានសមរម្យជាងនេះបន្តិចតើពិបាកមែនទេ? ឬមួយគាត់ចង់បង្ហាញឲ្យអ្នកដទៃបានឃើញ​ តែសុំគិតផងថាសព្វថ្ងៃនេះយើងកើតមកក្នុងប្រទេសខ្មែរគួរកាន់នៅទំនៀមទំលាប់ប្រពៃណីខ្មែរផង»។