ភ្នំពេញ៖ វត្តមានចូលទៅជ្រកនឹងទ្រនំកម្មហង្សមាស របស់ ខេមរៈ សិរីមន្ត ក៏ផ្ទុះការគាំទ្រខ្លាំង នឹងបទចម្រៀងថ្មីមួយចំនួន។ ពេលនេះល្បីថា ទ្រនំថ្មីនេះ បានបើកផ្លូវឲ្យតារាចម្រៀងរូបនេះ ចេញទៅច្រៀងរាំនៅលើទឹកដី នៃសហរដ្ឋអាមេរិកភ្លែតតែម្តង។

ប្រភពពីអ្នកស្និទ្ធនឹងតារាចម្រៀង ខេមរៈ សិរីមន្ត ទម្លាយថា «តារាចម្រៀងខេមរៈ សិរីមន្ត នឹងចេញដំណើរទៅកាន់ទឹកដី នៃសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការចចាររវាងលោក អ្នកធានានៅសហរដ្ឋអាមេរិក ទទួលបានជោគជ័យ»។ ប្រភពបានលើកបន្តឡើងថា «ខេមរៈ សិរីមន្ត ក៏រត់ឯកសាររួចរាល់អស់ហើយដែរ ដែលសូម្បីលិខិតបញ្ជាក់ពីសមាគមសិល្បករខ្មែរក៏ធ្វើរួចរាល់ហើយ។ សិរីមន្តទៅនោះរួមដំណើរជាមួយមានបងប្រុស លោក គឺខេមរៈ ភិរុណ និង កញ្ញា សុខ សីឡានលីន »។

ប៉ុន្តែនៅមុខនេះ លោក ខេមរៈ ភិរុណ បាននិយាយថា «គម្រោងទៅអាមេរិកនោះ នៅមិនទាន់ច្បាស់ឡើងទៅថ្ងៃណាទេ។ តែការចេញទៅក្រៅប្រទេស នេះគឺមានគម្រោង តាំងពីមុនចូលហង្សមកម្លេះ ប៉ុន្តែដំណឹងនេះទើបនឹងធ្លាក់ក្រោយពេលចូលមកហង្សមាស»។