ភ្នំពេញ៖ ក្មេងប្រុសអនាថាម្នាក់ត្រូវបានឡានកៀរ និងកិន បណ្តាលរងរបួសបែកមុខ មាត់ ហើយដៃជើង និងដងខ្លួន កាលពីល្ងាចម្សិលមិញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ម្តុំផ្សារតាប៉ាង រាជធានីភ្នំពេញ ហើយខណៈនេះមិនទាន់ដឹងថា ក្មេងប្រុសនោះយ៉ាងណាហើយនោះទេ ដោយបុរសម្នាក់ឃើញហេតុការណ៍បានប្រាប់ថា «សង្ស័យបាក់ឆ្អឹងចង្កេះទេដឹង អាណិតប្អូនណាស់»។

ក្រោយបើកឡានកៀរ និងកិនកុមារាខាងលើជនបង្កបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។ រីឯកុមារារងគ្រោះមិនត្រូវបាន ក្រុមប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅក្នុងផ្សារតាប៉ាង អើពើនោះទេ ពោលគឺអង្គុយមើលនឹងភ្នែក និងអ្នកខ្លះធ្វើមើលមិនឃើញទៀតផង។

ទង្វើនេះត្រូវបានលោក លីហ័រ សាន សម្តែងការមិនពេញចិត្តអ្នកបើកបរ និងអាណិតក្មេងប្រុសនោះយ៉ាងខ្លាំង ដោយលោកថា «បន្ទាប់ពីកិនរួចឡាននោះក៏ជិះទៅបាត់ដោយមិនអើពើ ពិតជាអមនុស្សធម៌នឹងគ្មានទំនួលខុសត្រូវសោះ! នេះបើមានចិត្តជាមនុស្សគឺមិនអាចធ្វើចឹងកើតទេ គ្នាក៏ជាមនុស្សដែរ សុំកុំទុកជីវិតគ្នាជាសំរាមបែបនេះអី»។