ភ្នំពេញ៖ ក្នុងកម្មវិធីប្រកួតតួឯកខ្សែភាពយន្តខ្មែរកាលពីឆ្នាំ១៩៩១ រកឃើញម្ចាស់ពានលេខ១ស្ទួន នោះគឺលោក ចៅ ចាន់ណារី និង ខៃ ប្រសិទ្ធ តែសព្វថ្ងៃម្ចាស់ពានទាំងពីរមានវាសនាមិនដូចគ្នាទេ ខណៈដែល ចៅ ចាន់ណារី បានចាកចេញពីសិល្បៈទៅរស់នៅទីជនបទចុងកាត់មាត់ញកលើទឹកដីខេត្តត្បូងឃ្មុំ។ រីឯលោក ខៃ ប្រសិទ្ធ មានវាសនាខ្ពស់គ្រាន់បើ ក្រោយលោកបានទៅរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក។

ងាកមកចាប់អារម្មណ៍រូបភាពមួយសន្លឹកនេះវិញ ថាតើតារាជាប់ពានទាំង ៤នោះមានឈ្មោះអ្វីខ្លះ? ហើយអ្នកដែលប្រគល់ពាននោះជាអ្នកណា? ទាក់ទិនរឿងនេះ លោក យស បូវណ្ណៈ បានប្រាប់តារាញូស៍ថា «នៅក្នុងរូបនោះមាន ចៅ ចាន់ណារី, ខៃ ប្រសិទ្ធ, ពេជ្រ ភារុណ និង សម ដារ៉ា»។ ចំណែកឯអ្នកប្រគល់ពាននោះ ត្រូវបានលោក បូវណ្ណៈ ប្រាប់ទាំងអស់សំណើចថា «អត់ស្គាល់ទេអី! សម្តេច ហ៊ុន សែន កាលនោះគាត់នៅរាងស្គម»។

យ៉ាងណាមិញ បច្ចុប្បន្នតារាជើងចាស់ទាំង ៤នាក់នេះបានឈប់ពីសិល្បៈអស់ហើយ ដោយលោក ចៅ ចាន់ណារី ទៅប្រកបរបរកាប់អូស, លោក ខៃ ប្រសិទ្ធ ទៅរស់នៅ និងធ្វើការនៅប្រទេសអាមេរិក, ពេជ្រ ភារុណ បើកជំនួញផ្ទាល់ខ្លួន និង លោក សម ដារ៉ា ជាមន្ត្រីជាន់ខ្ពស់ ក្នុងជួរក្រមខណ្ឌមន្ត្រីរាជការមួយរូប។