ភ្នំពេញ៖ គម្រប់ខួបអាពាហ៍ពិពាហ៍ ៣៦ឆ្នាំ របស់លោក ខៀវ កូឡា អ្នកព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា និងភរិយា ហាស់ សាប៊ន នាថ្ងៃពុធ ទី២៥ ខែមេសា គ.ស ២០១៨នេះ លោកបានបង្ហោះរូបផ្អែមល្ហែមជាមួយភរិយាចំនួន បីបួនសន្លឹក ដើម្បីរំឮកអនុស្សាវរីយ៍ដែលបានកវែកកឆ្នាំងជាមួយគ្នានាពេលកន្លងមក។

ទន្ទឹមនោះលោក ខៀវ កូឡា បានរំឭកអនុស្សាវរីយ៍ជាមួយភរិយាក្នុងសំណេរថា «យើងទាំងពីរបានស្មោះស្មគ្រ័រួមរស់កសាងសុភមង្គលជាមួយគ្នាចូលរោងការកម្លោះក្រមុំ តាមប្រពៃណីខ្មែរ នៅថ្ងៃទី ២៥ ខែមេសា គ.ស ១៩៨២ ដោយកសាងបាននូវអនុស្សាវរីយ៍ដ៏ល្អត្រកាលត្រជាក់ត្រជុំពូនផ្តុំជាកូនចៅជាគ្រួសារមួយដែលមានពន្លឺរស្មីសឹងតែ ត្រចះត្រចង់ដោយសេចក្តីខិតខំប្រឹងប្រែងតាមសម្មាអជីវោ ដោយស្គាល់ច្បាស់នូវនាទីជាស្វាមីនិងភរិយា»។

លោកបន្តថា «នាឱកាសនេះ ពុកម៉ែ សូមសម្តែងនូវការនឹករឭកឥតស្រាកស្រានដល់ចំណងដៃអាពាហ៍ពិពាហ៍គឺកូនប្រុស ខៀវ កូណែល ដែលបានចាកចេញទៅដោយគ្មានថ្ងៃត្រឡប់មកវិញ។សូមកូនប្រុសទៅកាន់ទីស្ថានបរមសុខគតិភពកុំបីខាន។ ពុកម៉ែ សូមអគុណចំពោះកូនស្រីទោលសំណព្វចិត្ត ខៀវ សានសាណា និងស្វាមី សេរ៉ា ស្ទោតុន ដែលបានបំពេញការតព្វកិច្ច ជាកូនដ៏កត្តញ្ញូប្រពៃថ្លៃថ្លា រួមវិភាគទានដ៏ច្រើនសម្បើមដល់សុភមង្គលគ្រួសារយើង»។