ត្បូងឃ្មុំ៖ អតីតតារាភាពយន្តដ៏ល្បីនាទសវត្សរ៍ឆ្នាំ៨០ ចៅ ចាន់ណារី ត្រូវបានអ្នកសិល្បៈដូចគ្នាទទួលបានដំណឹងថា ទៅរស់នៅតំបន់​ចុង​កាត់​មាត់ញកនាស្រុកដំបែរ ខេត្តត្បូងឃ្មុំ ប្រកបរបរ​ស៊ីឈ្នួល​កាប់​អុស ដើម្បីបានប្រាក់កម្រៃបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយ​ណាមួយសន្សំលុយខ្លះសង់ផ្ទះបន្ត ដោយលោកបានសាងសង់ជាង ១០ឆ្នាំមកហើយ ប៉ុន្តែមិនទាន់រួចរាល់នៅឡើយ។

កាលពីដំបូងឡើយលោក ចៅ ចាន់ណារី មានបំណងលាក់​ប្រវត្តិ​របស់ខ្លួន ព្រោះថាលោកមានអារម្មណ៍ខ្មាសមិត្តសិល្បៈរួមជំនាន់ ដែលគេមានជីវភាពធូរធា និងអ្នកខ្លះទៀតត្រូវទៅរស់នៅក្រៅ​ប្រ​ទេសទៀតផង តែយ៉ាងណា ក្រោយពីបែកធ្លាយរឿងពិតលោកមាន​ការលំបាកលំបិននោះ នាយ កុយ ព្យាយាមនិយាយលួងកុំឲ្យ ចៅ ចាន់ណារី មានអារម្មណ៍ខ្មាសគេ ព្រោះថា ជីវិតមនុស្សតែង​តែមាន​ការប្រែប្រួល អញ្ចឹងហើយជារឿងធម្មតានោះទេ។

លុះកាលពីសប្តាហ៍មុន លោក ហេង ឡុង បានជូនអំណោយ​មូល​និធិ​សិល្បករចាស់ជរាឲ្យលោក ចៅ ចាន់ណារី នៅសមាគ​មសិ​ល្ប​ករខ្មែរ ថែមទាំងជូនដំណើរលោកទៅដល់ផ្ទះទៀតផង។ ពេលទៅ​ដល់លោកបានរៀបរាប់ថា «ជីវិតកាប់អុសរបស់ខ្ញុំ គ្មានសល់អ្វីទេ មានតែផ្ទះខ្ទមតូចមួយប៉ុណ្ណោះ ខំប្រឹងរកលុយធ្វើផ្ទះឲ្យធំដុំនឹងគេដែរ ប៉ុន្តែធ្វើមិនហើយសោះ តែពេលនេះបានសម្តេចតេជោ ហ៊ុន សែន បានជួយឧបត្ថម្ភ ក្នុងការសាងសង់ផ្ទះបង្ហើប។ ខ្ញុំគ្មានអ្វីក្រៅពី​ម្រាម​ដៃ​ដប់សំពះសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយខ្ញុំ»។