ភ្នំពេញ៖តារាចម្រៀងជួរមុខរបស់ផលិតកម្មរស្មីហង្សមាសអ្នកនាងពេជ្រ សោភា ដែលទទួលការរឹះគន់ពីសំណាក់មហាជននិងព្រះសង្ឃមួយចំនួនទៅលើនាងច្រៀងបទ”បីឆ្កែទៅរាំ”នោះបានប្រាប់អ្នកកាសែតថាសម្រាប់ឆ្នាំក្រោយៗនាងនៅតែបន្ដធ្វើបទប្រភេទនេះទៀតបើសិនជាទីផ្សារតម្រូវព្រោះការធ្វើបទចម្រៀងអាស្រ័យទៅលើទីផ្សារ មិនមែនផ្គាប់ចិត្តមនុស្ស២ទៅ៣នាក់ឡើយ។

តារាចម្រៀងហង្សមាសបញ្ជាក់ដែរថានាងមានមោទនភាពដែលអាចនិពន្ធបទចម្រៀងដោយខ្លួនឯងបាន បើទោះជាពេលខ្លះការនិពន្ធរបស់នាងមិនសូវស៊ីជម្រៅដូចអ្នកនិពន្ធអាជីពក្ដី។ពេជ្រ សោភា ថែមទាំងអះអាងដែរថាការច្រៀងបទចម្រៀងទាក់ទងសត្វឆ្កែគ្មានអ្វីខុសនោះទេ ព្រោះគ្រាន់តែជាការបង្ហាញពីការស្រលាញ់ទៅលើសត្វប៉ុណ្ណោះ។

ក្រៅពីជាអ្នកចម្រៀងវិវត្តន៍ទៅជាអ្នកនិពន្ធនោះពេជ្រ សោភា ក៏ឈានទៅថតភាពយន្ដដែរដែលនាងជាតួអង្គសំខាន់ក្នុងរឿង”បិសាចគួរឲ្យស្រលាញ់”កំពុងចាក់លើទូរទស្សន៍ហង្សមាស តែសោភា ហាក់ស្ទាក់ស្ទើរមិនទាន់មានគម្រោងថតរឿងថ្មីទៀតទេ ព្រោះនាងជាប់រវល់លើការចម្រៀងសម្ដែងច្រើនជាង៕





