ភ្នំពេញ៖ ក្រោយពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយពីសិប្បកម្មផលិតទឹកម្ទេសនៅវៀតណាម ខ្វះអនាម័យ សុទ្ធតែដង្កូវ គ្មានស្ដង់ដាត្រឹមត្រូវ ធ្វើឲ្យតារាសម្ដែង សូដា នីតា សម្ដែងការហួសចិត្តជាខ្លាំងរហូតទម្លាយសារយ៉ាងវែងអន្លាយ។
ជាក់ស្ដែងក្នុងគណនីហ្វេសប៊ុករបស់ កញ្ញា សូដា នីតា បានពោលថា « ចប់ហើយ ហេតុអីអ្នកផលិត មិនគិតពីសុខភាពរបស់អ្នកញុំាបែបនេះ ប្រទេសកាន់តែជឿនលឿន របស់ញុំាកាន់តែមានគីមី គ្មានអនាម័យ តើថ្ងៃទៅមុខទៀត កូនចៅរបស់យើង នឹងរស់បានប៉ុន្មានឆ្នាំទៅ ? សូមមេត្តាគួរឈប់បន្តផលិតរបស់ញុំាគ្មានគុណធម៌បែបនេះទៅ លុយចំណេញអ្នកណាក៏ចង់បាន តែបើចំណេញដោយវិធីស្មោគរោគបែបនេះ តើអ្នកនៅសុខទេ ជាក់ស្តែងដូចអ្នកផលិតកាហ្វេពីថ្មពិលចឹង ឥលូវជាប់គុគរាប់សិបឆ្នាំ»។
ដោយមើលឃើញពីផលិតផលបច្ចុប្បន្នគឺច្រើនតែមិនសូវមានគុណភាព ទើបតារារូបនេះបន្តទៀតថា « ដូច្នេះរាល់អ្នកដែលផលិតរបស់ញុំាដែលគ្មានគុណភាពមួយចំនួនដែលគេមិនទាន់ដឹង គួរបញ្ឈប់ទៅ ជៀសវាងកម្មពារតាមស្នង ហើយបើគេចាប់បានគឺប្រឈមមុខនឹងច្បាប់ ហើយបើនៅតែបន្តទៀត គឺទ្វារគុគបើកចាំទទួលហើយ ព្រោះរាល់ផលិតរបស់អ្នកបំផ្លាញសុខភាពរហូតបំផ្លាញជីវិតអ្នកដ៏ទៃរាប់លានអ្នក»។
« នាងខ្ញុំសុំចិត្តទៅចុះ សុំអ្នកផលិតរបស់ញុំាផ្សេងៗ មិនថាអ្នកផលិតក្នុងស្រុក រឺ ក្រៅស្រុកទេ សូមមេត្តាគិតជាសុខភាពជាមនុស្សជាចំបងផង របស់លក់ថ្លៃបន្តិចក៏មិនអី សំខាន់របស់ញុំាគឺមានអនាម័យ នឹង ផលិតតាមស្តង់ដាត្រឹមត្រូវ លុយអាចរកបាន តែសុខភាព និង ជីវិត គឺមិនអាចទិញបានឡើយ»៕
