ភ្នំពេញ៖ កញ្ញា ដេន នីក្វាន់ នៅព្រឹកថ្ងៃទី២៧ ខែមេសានេះបានបង្ហាញរូបភាពស្និទស្នាលជាមួយចាស់ៗជរាក្រីក្រជាច្រើនសន្លឹកនៅក្នុងគណនីហ្វេសប៊ុករបស់នាង ភ្ជាប់ជាមួយនូវអំណោយមនុស្សធម៌មានអង្ករមីត្រីខផងដែរ។
លេចពីរូបភាព បង្ហាញពីទឹកចិត្ត មិនឃ្លាតពីក្តីអាណិតស្រឡាញ់ដល់អ្នកក្រីក្រនោះ នាង ដេននី ក្វាន់ ងារជាតារាសម្តែង ដែលល្បីការតុបតែងខ្លួនបញ្ចេញភាពសិចស៊ីបញ្ចេញតំបន់ពិសេសៗបង្អួតភ្នែកបុរសៗនោះ។
ក្នុងនោះដេននី ក្វាន់ ក៏បានសរសេរសាររៀបរាប់ថា«ថ្ងៃនេះនាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ជ្រះថ្លា ក្នុងចិត្តយ៉ាងខ្លាំង ដោយថ្ងៃនេះនាងខ្ញុំបាន នាំយក អំណោយ ព្រមទាំងថវិកា ផ្ទាល់ខ្លួនមួយចំនួន យកទៅចែកជូនដល់លោកយាយលោកតាចាស់ជរា គ្មានទីពឹង ទីទាល់ក្រ មានសុខភាពទ្រុឌទ្រោម លំបាកខ្លាំង ចំនួន 4គ្រួសារ ដែលរស់នៅ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ» ។
តបនូវទឹកចិត្តមនុស្សធម៌ពីតារាសម្តែងល្បីរស់លើទ្រព្យធុនដ៏ស្តុកស្តម្ភ ភ្ជាប់ជីវិតគូនិងគូដណ្តឹងក៏ជាថៅកែលក់រថយន្តផងនោះ នាង ដេននី ក្វាន់ ក៏ទទួលបាននូវការស្វាគមន៍ពីលោកយាយ លោកតា ចាស់ជរា ក្នុងភាពកក់ក្តៅ ដែលពួកគាត់បានចាប់អោបនាង និងមានយាយតាខ្លះ ក៏ថើបថ្ពល់ដ៏ហ្មតរលោងរបស់នាងទៀតផង។
ខណៈអ្នកគាំទ្រកោតសរសើរដល់ទឹកចិត្តរបស់នាងមិនដាច់ពីមាត់ នាងក៏បង្ហាញសាររំភើបទៀតថា«ក្រោយពេលជួបគាត់ អ្វីដែលខ្ញុំរំភើបនោះ គឺ ស្នាមញញឹម ពួកគាត់ ដែលពួកគាត់ត្រេកអរ និង បង្ហាញក្តីស្រលាញ់ត្រលប់មកវិញ នេះជាសេចក្តីសុខ សម្រាប់ខ្ញុំទាំងផ្លូវចិត្ត និង ផ្លូវកាយ ។ ដោយសេចក្តីគោរព ដេននីក្វាន់»។
