ភ្នំពេញ៖ មុនក្លាយជាតារាចម្រៀងដ៏ល្បីមានអ្នកគាំទ្ររាប់លាននាក់ដូចសព្វថ្ងៃលោក ព្រាប សុវត្ថិ ធ្លាប់បង្ហើបរឿងពិតរបស់លោកប្រាប់ទស្សនិកជនថា«មុនខ្ញុំក្លាយជាអ្នកចម្រៀង ខ្ញុំជាមន្ត្រីយោធាម្នាក់ ហើយមេៗឃើញខ្ញុំចៀងពីរោះក៏ណែនាំឲ្យទៅច្រៀងតាមរង្សសាលពេលយប់ៗ ហើយពេលថ្ងៃមកធ្វើការធម្មតា លុះក្រោយមកទៀត គេឃើញខ្ញុំច្រៀងពីរោះខាងហង្សមាសក៏ហៅខ្ញុំទៅចូលច្រៀង ហើយជាប់អាជីពនេះរហូតមកដល់បច្ចុប្បន្ន»។
បន្ទាប់ពីបានចូលហង្សមាសរួចមក ព្រាប សុវត្ថិ ប្រឹងសាងកេរ្តិ៍ឈ្មោះរហូតទទួលបានការគាំទ្រលើសលប់ ដោយមហាជនដាក់រហស្សនាមថា «កំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជា» ទៀតផង។ ដោយការតស៊ូជាមួយវិស័យសិល្បៈចម្រៀង ជាង២០ឆ្នាំមកនេះ លោក ព្រាប សុវត្ថិ បានបណ្តុះកូនប្រុសទាំង ៣ឲ្យក្លាយជាតារាចម្រៀងដូចលោកដែរ។
តាំងពីចូលហង្សមាស តារាចម្រៀងរូបនេះមិនធ្លាប់ផ្លាស់ទ្រនំម្តងណាឡើយ ដោយមហាជនបានលើកឡើងថា «ហង្សមាសជាទ្រនំសុខសាន្តតែមួយគត់របស់ ព្រាប សុវត្ថិ ព្រោះតាំងពីផ្តើមអាជីពដំបូងរហូតមកដល់បច្ចុប្បន្ន»។ ទោះបីមានវ័យចាស់បន្ថិចមែន តែ ព្រាប សុវត្ថិ នៅតែទទួលបានការគាំទ្រខ្លាំង ដែលធ្វើឲ្យតារាចម្រៀងពន្លកថ្មីមួយចំនួនពិបាកក្នុងការដណ្តើមប្រជាប្រិយភាព។
