ភ្នំពេញ៖នៅប៉ុន្មាននាទីមុននេះ ផេកផ្លូវការរបស់ «THE VOICE KIDS CAMBODIAN» បានបង្ហាញមុខគណៈកម្មាការទាំង៣នាក់ ដែលត្រូវជាគ្រូបង្វឹក និង ជាអ្នកបង្ហាត់កុមារា កុមារីច្រៀងសម្រាប់ឱកាសប្រលងនៅរដូវកាលទី២។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះនៅលើរូបភាពផ្សព្វផ្សាយមួយសន្លឹកនោះបែរជាមានវត្តមានតារាស្រី សួស វីហ្សា បានក្លាយខ្លួន ជាគ្រូបង្វឹកថ្មី នៅក្នុងកម្មវិធីនេះដែល Coach ២ រូបទៀត នៅតែជា ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ ។ ខណៈតារាចម្រៀងស្រីសុគន្ធ និសា ពុំមានវត្តមានម្ដងទៀតក្នុងកម្មវិធីនេះឡើយ។
ជាមួយគ្នានោះក្រោយពីក្ដោបក្ដាប់បានតំណែងជាគ្រូបង្វឹកតារាចម្រៀងដែលកំពុងមានរឿងអាស្រូវ ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាថា រស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយនឹងក្រុមរាំ តែចុងក្រោយត្រូវសាមីខ្លួន ទាំងសងខាងប​ដិ​សេ​ធ កញ្ញា សួស វីហ្សា បានបង្ហាញក្ដីរំភើប និង រីករាយ តាមហ្វេសប៊ុកថា «សួស្តីប្អូនៗកុមារកម្ពុជា ជាទីស្រឡាញ់ ពេលនេះកម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោករដូវកាលទី២ ចាប់ផ្តើមហើយ!!!សូមប្រញាប់ដាក់ពាក្យប្រឡង ទាំងអស់គ្នាណា៎»។