ភ្នំពេញ៖ តារាចម្រៀងម្ចាស់ពាន Cambodian idol រដូវកាលទី១ នី រតនា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនារី​រូបស្រស់​ថៅកែហាង លក់​ផលិតផលកែសម្ផស្សធំមួយឈ្មោះ ហេង សុវណ្ណភក្តិណា។ យ៉ាងណាការភ្ជាប់ពាក្យនោះត្រូវបានមហាជនមួយចំនួនបានលើកឡើង​ថា «ជាការសម្តែង» ព្រោះមួយរយៈ​នេះលោកថត​រឿង​ឲ្យ​ហង្សមាសច្រើនណាស់ ប៉ុន្តែលោក នី រតនា អះអាងថា «ខ្ញុំ​ភ្ជាប់​ពាក្យ​មែន វាជាការពិត»។

ទាក់ទិនចំណងស្នេហ៍របស់អ្នកទាំង២ ត្រូវបាន នី រតនា បក​ស្រាយ​បង្ហាញ​នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ថ្ងៃទី២៩ មេសា ថា «ពេលដំបូងឡើយគូដណ្តឹង​ខ្ញុំគ្រាន់​តែជា​អ្នកគាំ​ទ្រខ្ញុំ​តែប៉ុណ្ណោះ​មិនធ្លាប់បានស្គាល់គ្នាឡើយ ហើយអ្នក​គាំទ្រម្នាក់នេះរិះ​គន់ខ្ញុំ​ខ្លាំង​ជា​គេ ជាហេតុធ្វើឲ្យរូបខ្ញុំចង់ដឹងថា គេមានឈ្មោះអ្វី? ផ្ទះនៅឯណា? ក្នុងគោលបំណងថ្លែងអំណរគុណ តែនាងមិនព្រមប្រាប់ទេ ដោយ​នាងចេះតែបន្តរិះគន់ខ្ញុំរហូតទាល់តែខ្ញុំទទួលបានពាន Cambodian idol»។

ប្រភពដដែលបន្តថា «លុះក្រោមកទៀត ខ្ញុំត្រូវជាប់ ភារកិច្ចទៅ ខេត្ត សៀមរាប គ្រានោះហើយដែលយើងទាំងពីរបានជួបគ្នា ហើយក៏ ចេះតែមាន ទំនាក់ទំនងបន្តរហូតដល់ថ្ងៃភ្ជាប់ពាក្យតែម្តងទៅ។ បងប្អូនដឹងទេថា ផលិតផលដែលខ្ញុំផ្សាយរាល់ដងនោះ ថៅកែ ស្រីជាគូដណ្តឹងខ្ញុំនេះហើយ»។

សូមទស្សនាវីដេអូ!!