ភ្នំពេញ៖ ដោយសារសង្គ្រាមសុីវិលរាប់ទសវត្សរ៍ធ្វើឱ្យសង្គមខ្មែរបាក់បែកខ្ចាត់ខ្ចាយ និរាសព្រាត់ប្រាសបាត់ដំណឹង។ លុះទទួលបានសន្តិភាព កាកបាទក្រហមកម្ពុជាបានស្វែងស្វែងរកបងប្អូនសាច់ញាតោដែលបានបាត់ខ្លួន ហើយជាលទ្ធផល កាកបាទក្រហមបានរកឃើញសាច់ញាតិបងប្អូនចំនួនផងដែរ។

កម្មវិធីស្រាវជ្រាវរកគ្រួសារដែលបានបង្កើតឡើងដោយកាកបាទក្រហមកម្ពុជាក្នុងឆ្នាំ១៩៨៨ ហើយប្រតិបត្តិការណ៍ដោយមានការឧបត្ថម្ភពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) មានភារកិច្ចជួយស្វែងរក មនុស្សដែលបាត់ដំណឹងក្នុងរយៈកាលដ៏វឹកវរនៃសង្គ្រាម៤០ឆ្នាំកន្លងទៅនេះ។

ក្នុងនាមជាសមាជិករបស់បណ្ដាញដំណឹងគ្រួសាររបស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហម (RedCross/ Red Crescent Family News Network) កាកបាទក្រហមកម្ពុជាដែលជាអង្គការមនុស្សធម៌ឈានមុខ និងធំជាងគេនៅកម្ពុជា បានឧទ្ទិសខ្លួនក្នុងការជួយប្រជាពលរដ្ឋខ្មែរដែលបែកព្រាត់ប្រាស់ដោយសារសង្គ្រាម គ្រោះធម្មជាតិ និងគ្រោះអាសន្នដទៃទៀតដែលទាមទារឱ្យមានការឆ្លើយតបបែបមនុស្សធម៌។