ភ្នំពេញ៖ កុមារាកុមារី ២រូប មានសមត្ថភាពខ្ពស់ហួសស្មាន ខណៈកុមារី ប៊ី ចាន់លក្ម្សី អាយុ ៥ឆ្នាំ  ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចឲ្យរៀនថ្នាក់ទី៤ ក្រោយធ្វើតេស្តទៅឃើញថា កុមារីរូបនេះមានសមត្ថភាពខ្ពស់ អាចដោះស្រាយលំហាត់បានយ៉ាងងាយស្រួលតាំងពីថ្នាក់ទី១, ២, ៣ និង៤។

រីឯកុមារា ហ៊ឺ ទៀងគីមហុង អាយុ ៧ឆ្នាំ រៀនថ្នាក់ទី៦ អាចដោះស្រាយលំហាត់ថ្នាក់ទី១២ បានយ៉ាងងាយស្រួល ត្រូវបានសាលាអន្តរជាតិប៊ែលធីផ្តល់អាហារូបករណ៍ឲ្យចូលរៀនថ្នាក់ទី ៨ ដោយផ្អែកលើសមត្ថ​ភាព ពិសេសដែលបានធ្វើ Test នៅចំពោះមុខលោកនាយក កាលពីខែកក្កដា ឆ្នាំ២០១៧។

យ៉ាងណាមិញ កុមារទាំង ២សុទ្ធតែជាធនធានដ៏កម្រសម្រាប់ប្រទេសកម្ពុជា។ កុមារា គីមហុង ត្រូវបានយកចិត្តទុកដាក់ពីក្រសួងអប់រំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ មិនខុសគ្នាប៉ុន្មានដែរកុមារី លក្ម្សី ត្រូវបានគេដាក់រហស្សនាមថា «កុមារទេព» ហើយក៏ត្រូវបានយកចិត្តទុកដាក់ពីលោកគ្រូ និងអ្នកគ្រូ និងក្រសួងអប់រំ យុវជន និងកីឡា ទៀតផង។