ភ្នំពេញ៖ តារាចម្រៀងនិងសម្ដែងកញ្ញា អ៊ុន អាលីហ្សា នឹងចេញដំណើរទៅច្រៀងសម្ដែងនៅអាមេរិកនៅរាត្រីថ្ងៃទី០២ខែមេសាឆ្នាំ២០១៨ ហើយដែលរួមដំណើរជាមួយអតីតតារាចម្រៀងផលិតកម្មសាន់ដេលោក ជុំ លីណូ ហើយត្រូវហោះចេញទៅនៅម៉ោង៩យប់នេះ។ ប្រភពបានឲ្យដឹងថា អាលីហ្សា និងជុំ លីណូ មានគម្រោងច្រៀងសម្ដែងជាមួយគ្នារយៈពេល៣ខែនៅលើទឹកដីអាមេរិកដែលមានជាច្រើនរដ្ឋតាមម្ចាស់ Sponsor បានរៀបចំជាស្រេចមុនពេលដែលអ្នកទាំង២ត្រូវចេញទៅនៅរាត្រីនេះ។

គួរបញ្ជាក់ថា អាលីហ្សា និង ជុំ លីណូ បានធ្វើតេស្ដនៅស្ថានទូតអាមេរិកធ្លាក់ម្ដងរួចទៅហើយ ក្នុងការចេញទៅច្រៀងសម្ដែងនៅអាមេរិកជាលើកទី១ជាមួយគ្នា នេះខាងស្ថានទូតបានឲ្យតារាទាំង២រៀបចំឯកសារជាថ្មីទើបការធ្វើតេស្ដលើកទី២ពួកគេបានជាប់ទាំង២នាក់តែម្ដង ហើយត្រូវចាប់ដៃគូគ្នាច្រៀងសម្ដែងដល់ទៅ៣ខែ ដែលអាចដើមខែសីហា ទើបបានត្រឡប់មកស្រុកំណើតវិញ។

អាលីហ្សា បានថតបញ្ចប់រឿង «ឆន្ទា» របស់ផលិតកម្ម Red Picture មុនពេលដែលចេញទៅច្រៀងនៅអាមេរិកនេះហើយតារាសម្ដែងរូបនេះអះអាងថានាងមានមោទនភាពខ្លាំងពេលបានសម្ដែងរឿងនោះជាមួយកំពូលតារាសម្ដែងជើងចាស់អ្នកនាង អម្ពរ ទេវី ៕