ភ្នំពេញ៖ លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានសរសើរឯកឧត្តម ហែម ដារិទ្ធិ ដែលបានដឹកក្រុមការងារសាលាខណ្ឌពោធិសែនជ័យនិង មន្ទីរធនធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញ បានចុះជីកស្តារប្រឡាយទួលពង្រទី១ ទី២ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ និងកាយដីដែលប្រជាពលរដ្ឋមានលុយមានកាក់មួយចំនួនចាក់លុបប្រឡាយកន្លងមកនោះចេញ ដើម្បីបញ្ចៀសការលិចលង់នៅរដូវវស្សារជិតមកដល់ខាងមុខនេះ ។

ការដឹកនាំសកម្មភាពការងាររបស់អភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានលោកឧកញ៉ា ឡេង ណាវ៉ាត្រា លើកឡើងថា «ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូប តំណាងអោយប្រជាជន ទាំងអស់រូបខ្ញុំសូមកោតសរសើរអស់ពីចិត្តចំពោះ អភិបាលខណ្ឌ ពោធិ៍សែនជ័យ ឯកឧត្តម ហែម ដារិទ្ធិ ចាត់វិធានការក្ដៅ កាយប្រឡាយ ធំពីរខ្សែ ដើម្បីរំដោះទឹកលិច ពីផ្លូវជាតិលេខបួន ខ្សែស្រប វេងស្រេង រហូតដល់ផ្សារទួលពង្រ សម្រាប់អ្នកសាងសង់ផ្ទះបំពានប្រឡាយក៏ត្រូវអនុវត្តតាមច្បាប់ មិនរើសមុខ គឺកាយចេញ ដើម្បីរំដោះទឹកកុំអោយលិច ដែលជាសំនូមពរប្រជាជន រាប់ពាន់គ្រួសារលិចផ្ទះជារៀងរាល់ឆ្នាំ»។

មិនត្រឹមតែមានការសរសើរ និងសាទរពីសំណាក់ឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុណ្ណោះទេ ពោលគឺបងប្អូនរស់នៅជុំវិញតំបន់នោះទាំងមូលបានសម្តែងក្តីរំភើបយ៉ាងណាខ្លាំង និងសរសើរមិនដាច់ពីមាត់នូវការយកចិត្តទុកដាក់របស់លោកអភិបាលខណ្ឌ​ផងដែរ។