ភ្នំពេញ៖ ថ្មីៗនេះ មានព័ត៌មានចុះផ្សាយថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញបាន និងកំពុងទទួលរងនូវការបំពុលលើសពីកម្រិតសុវត្ថិភាពសុខភាព ដែលបង្កឲ្យសាធារណជនមានការយល់ច្រឡំ និងព្រួយបារម្ភអំពីបញ្ហាសុខភាព ជាពិសេសអ្នកធ្វើដំណើរ និងអ្នកប្រកបរបរតាមទីសាធារណៈ ដូចជារត់មូតូឌុប រត់ឡានឈ្នួល កង់បី និងអាជីវករជាដើម។

យ៉ាងណាដំណឹងខាងលើនេះត្រូវបានក្រសួងបរិស្ថានច្រានចោលថា វាមិនមែនជាការពិតឡើយ ដោយក្រសួងបានអះអាងថា «ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្នក្រសួងបានអង្កេតតាមដានគុណភាពខ្យល់នៅតាមបណ្តាទីក្រុងធំៗនៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដើម្បីតាមដាន និងវាយតម្លៃអំពីស្ថានភាពគុណភាពខ្យល់សំដៅធានាដល់សុខភាពសាធារណៈ»។

ទាក់ទិនបញ្ហាបរិស្ថាននេះផងដែរ ក្រសួងបរិស្ថាននឹងបន្តតាមដានស្ថានភាពគុណភាពខ្យល់នៅតាមទីក្រុងធំៗ និងនៅក្នុងរាជធានីភ្នំពេញឲ្យបានជាប់ជាប្រចាំ និងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង។