ភ្នំពេញ៖ ជាញឹកញាប់តារាចម្រៀង លោក ទិត្យ វិច្ឆិកា តែងបង្ហោះសារសោកសៅលើបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ពីជីវិតដ៏សែនកម្សត់ ដែលបាត់បង់ម្តាយជាទីគោរពស្រលាញ់។ ជាក់ស្តែងកាលពីម្សិលមិញតារាចម្រៀងផលិតកម្មរ៉ុក ទិត្យ វិច្ឆិកា មានអារម្មណ៍នឹករលឹកដល់ម្តាយ ខណៈដែលលោកបានប្រាប់ថា «ថ្ងៃស្អែកនេះអង្គភាពបានអនុញ្ញាត្តឲ្យខ្ញុំលោតឆ័ត្រមិត្រភាព កម្ពុជា  ថៃ  ចិន  សិង្ហបុរី និងអាឡឺម៉ង់ ជាង ១០ឆ្នាំមុន ពេលដែលខ្ញុំលោតឆ័ត្រគឺមានអ្នកម្តាយរបស់ខ្ញុំតែងតែទៅផ្តល់កំលាំងចិត្តឲ្យខ្ញុំជានិច្ច»។

យ៉ាងមិញបុរសឯកា បានបន្តថា «ពេលនេះគ្មានវត្តមានអ្នកម្តាយឲ្យកំលាំងចិត្តខ្ញុំទៀតទេ ហើយភាពកក់ក្តៅក៏លែងមានសំរាប់ខ្ញុំទៀតដែរពីពេលនេះទៅ ព្រោះក្តីស្រលាញ់ អាណិត ត្រូវបានបាត់បង់អស់ហើយសំរាប់រូបខ្ញុំ។ ខ្ញុំពិតជាស្រណោះខ្លាំងណាស់ តែខ្ញុំត្រូវតែទ្រាំ ដើម្បីស្វែងរកសុភមង្គលថ្មី»។

កាលពីនៅយុវវ័យ លោក ទិត្យ វិច្ឆិកា ធ្លាប់សម្រាកតាមសំយាបផ្ទះចាស់មួយ ដែលមានម្តាយជាទីស្រលាញ់មើលថែយ៉ាងល្អ តែពេលនេះម្តាយរបស់លោកក៏បានចាកចោលលោក ធ្វើឲ្យតារារូបនេះកើតទុក្ខ នឹកអនុស្សាវរីយ៍ជាមួយម្តាយជាច្រើន មុនពេលដែលខ្លួនបានក្លាយជាទាហ៊ានឆ័ត្រយោង និងជាតារាល្បីនោះ។