ភ្នំពេញ៖ អតីតពលករកូរ៉េ ឡេង ណាវ៉ាត្រា បានពុះពារគ្រប់ឧបស័គ្គ សន្សំលុយខណៈលោកកំពុងធ្វើការនៅប្រទេសកូរ៉េកាលពីប៉ុន្មានឆ្នាំមុន មកធ្វើអាជីវកម្មនៅស្រុកខ្មែរដែលទទួលបានជោគជ័យបំផុត រហូតទទួលបានងារជាឧកញ៉ាទៀតផង។ ក្រោយស្ទុះផុតពីភាពក្រីក្រលោក ឡេង ណាវ៉ាត្រា បានចូលរួមធ្វើការងារសង្គមធំៗយ៉ាងច្រើន រួមមានការចូលរួមបរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងការដឹកនាំសិល្បករសិល្បៈការិនីទៅធ្វើសង្រ្កាន្តនៅប្រទេសកូរ៉េកាលពីឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងផុតទៅថ្មីៗនេះ និងមានសកម្មភាពសង្គមជាច្រើនទៀត។ ដោយឃើញគំរូដ៏ប្រពៃនេះហើយបានជាសម្តេចតេជោ ហ៊ុន សែន បានលើកសរសើរឈ្មោះលោកនៅពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូកាលពីពេលថ្មីៗនេះ។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឡេង ណាវ៉ាត្រា ជាពលករកូរ៉េតែម្នាក់ដែលក្នុងពេលធ្វើការបានសន្សំលុយកាក់ទិញដីទិញធ្លី ហើយក្រោយត្រលប់មកវិញក៏ក្លាយជាអ្នកជំនួញដីធ្លី និងជាម្ចាស់បុរីធំមួយត្រឹមតែវ័យប្រមាណ ៣០ឆ្នាំ»។ មិនត្រឹមតែជាអ្នកជំនួញម្នាក់ប្រកបដោយភាពជោគជ័យប៉ុណ្ណោះទេ លោកត្រូវបានគេស្គាល់ថា ជាម្ចាស់ផលិតកម្មកាឡាក់ស៊ីផងដែរ។
យ៉ាងណាការសរសើររបស់សម្តេចតេជោ ហ៊ុន សែន ជាមហាកិត្តិយសម្រាប់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលនាពេលកន្លងមកសម្តេចមិនធ្លាប់សរសើរជនសាមញ្ញ ក្រៅតែពីមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលឡើយ។ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានលើកឡើងថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលសម្ដេចចាប់អារម្មណ៍ខ្ញុំ។ គាត់មានកិច្ចការច្រើនជំពូក ក៏ប៉ុន្តែបានផ្ដល់កិត្តិយសខ្លាំងសម្រាប់ខ្ញុំ ដែលបានជួយការងារសង្គមតិចតួច។ នេះជាកិត្តិយសលើសពីការរំពឹងទុករបស់ខ្ញុំ»។
ការចេះអភិវឌ្ឍខ្លួនរបស់ចាងហ្វាងផលិតកម្មកាឡាក់ស៊ី ឡេង ណាវ៉ាត្រា នេះត្រូវបានសម្តេចតេជោលើកឡើងម្តងហើយម្តងទៀត ក្នុងគោលបំណងចង់បង្ហាញគំរូដ៏ល្អដល់បងប្អូនខ្មែរ ដែលជាពលករធ្វើការក្រៅប្រទេសត្រូវបានចេះកែប្រែខ្សែជីវិតរបស់ខ្លួនឯងឲ្យបានប្រសើរ ដូចពាក្យស្លោកមួយឃ្លាលើកឡើងថា «គ្មានព្រះឯណាមកជួយយើងបានក្រៅពីខ្លួនឯងឡើយ»។
