ព្រះសីហនុ៖ប្រជាពលរដ្ឋមានទំនាស់ធ្លីរាំរ៉ៃចំនួន ៧នាក់ រស់នៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរ​ត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនៅរសៀលថ្ងៃច័ន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបាន​កម្លាំង​កង​រាជអាវុធហត្ថខេត្តនេះ ចាប់បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្ត នីតិវិធី តាមបណ្តឹង របស់​លោកឧកញ៉ា តាន់ តាត់ អ្នកមានទ្រព្យដ៏ល្បីល្បាញម្នាក់រស់នៅខេត្តព្រះសីហនុ។ អង្គុយនៅលើកៅអីប្រជៀតគ្នា ជាប់ដោយខ្នោះដៃ ពលរដ្ឋប្រុសស្រីទាំង៧នាក់ ដែលបន្លឺ​សំឡេង​ខ្លាំង​ក្នុង​ពាក្យដដែលៗ អយុត្តិធម៌សម្រាប់ពលរដ្ឋស្លូតត្រង់នៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុក​ស្ទឹងហាវ នេះណាស់ ពួកយើងមានឯកសារកាន់កាប់ដី ដែលលោកឧកញ៉ា តាន់ តាត់ បែរមកអះអាងថា ជាកម្មសិទ្ធិខ្លួនទៅវិញ»។  បន្ទរនូវសំដីពោលថ្ងូរនេះ ពលរដ្ឋដែលដៃជាប់ដោយខ្នោះ នោះ ពួកគេបានសំណូមពរដល់ សម្តេចអគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ប៊ុន រ៉ានី ឲ្យជួយ​រកយុត្តិធ៌មលើទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋរស់ នៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុក​ស្ទឹងហាវ ឲ្យទទួលបានយុត្តិធ៌ម ដោយក្តីអនុគ្រោះផង។ព្រមនឹងរឿងបណ្តឹងឧកញ៉ា តាន់ តាត់ ប្តឹងចាប់ខ្លួនពលរដ្ឋរឿងជម្លោះ​ដីធ្លីនេះក៏មានមតិជា​ច្រើនលើក​ឡើង​ថា ការចាប់ខ្លួនប្រជាពលរដ្ឋមានទំនាស់ដីធ្លី រស់នៅសហគមន៍អូរខ្សាច់ខាងលើនេះ បានកើតមាន​ជា​ថ្មី ស្របពេលតម្លៃទិញលក់ដី នៅខេត្តព្រះសីហនុ កំពុងមានហាងឆេងខ្ពស់ ដោយសារកំណើន​អ្នក​វិនិ​យោគ​ទុនចិន ចូលមកមូលដ្ឋាននេះមានចំនួនច្រើនគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ៕