ភ្នំពេញ៖ កាលពីថ្ងៃ១២ ខែមេសា បុរសចំណាស់ម្នាក់ដែលគេចោទថា ជាក្រុមចាប់ជំរិត  ត្រូវ​បាន​សមត្ថ​កិច្ច​ដោះលែងឲ្យនៅក្រៅឃុំ ក្រោយដឹងការតាមពិតថា លោកគ្រាន់តែជាអ្នកជាន់ដានគេប៉ុណ្ណោះ។ ថ្ងៃដោះលែងនោះ កូនស្រីឪពុកត្រូវគេចោទប្រកាន់នោះ បញ្ជាក់ថា «គេឲ្យមនុស្សចេញសិនទៅ ឡានចាំចូលឆ្នាំហើយ ចាំមកយកតែម្តង»។

លុះដល់ថ្ងៃកំណត់ឪពុកនាងទៅយកមិនបានទៀត ដោយមានលេសថា «ពេលដល់ថ្ងៃខ្ញុំខលសួរនាំថា ចាំអាទិត្យក្រោយ ដល់អាទិត្យក្រោយ ខលទៅថា ចៅក្រមមិនទាន់មកពីស្រុក។ ក្រោយមកទៀត ខល​សួរទៀតថាមិនទាន់មកជុំគ្នា ហើយសួរថា ពេលណាបានដំណឹង? គេប្រាប់ថា មិនទាន់ដឹងទេ»។

ពាក្យថា ចាំៗ ធ្វើឲ្យនាង និងក្រុមគ្រួសារដេកទន្ទឹងឡានកញ្ចាស់មួយគ្រឿង សង្ឃឹមថា ជាទ្រព្យគាប់ចិន្តា មិន​បានទៅណាឡើយ តែពេលនេះនៅក្នុងដៃសមត្ថកិច្ច ហាក់មានចេតនាពន្យាពេល មិនព្រម​ប្រគល់​ឲ្យ​ម្ចាស់ដើមវិញឡើយ ដោយយកលេសម្តងអញ្ចេះម្តងអញ្ចុះ រហូតធ្វើឲ្យនាង​ជាកូនស្រី​បាន​សម្រេច​ចិត្ត​ទទូច​ទៅសម្តេច ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗមេត្តាជួយឪពុកនាងផង ព្រោះមនុស្សបានរួចខ្លួនហើយ នៅឡើយតែឡាន។