ភ្នំពេញ៖ ចាប់ពីថ្ងៃ សាន ស្រីឡៃ បាត់ស្រមោលពីផែនដីនេះ កុមារី សាន ម៉ីនាង ប្អូនស្រីបង្កើតរបស់នាងបានលេចមុខជាញឹកញាប់ក្នុងឡាយវីដេអូសួរសុខទុក្ខបងប្អូនជំនួសបងស្រីដែលជាអតីតបេក្ខនារី The Voice Cambodia រដូវកាលទី២។ ដោយឡែកការឡាយកាលពីម្សិលមិញ ថ្ងៃទី០៧ ខែឧសភា នោះ ត្រូវបានកុមារី ម៉ីនាង បង្ហើបទៅកាន់មហាជនថា «ខ្ញុំនឹងចូលរួមប្រឡង The Voice Kids រដូវកាលទី២ របស់ស្ថានីយទូរទស្សន៍ហង្សមាស»។

យ៉ាងណាការបង្ហើបនេះធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកខ្លះបានចោទជាសំណួរថា «ប្រឡងថ្ងៃណា? នៅទីណា? ប្រឡងដល់វគ្គណាហើយ?» ជាដើម។ ទន្ទឹមនោះ ម៉ីនាង តបទាំងក្តីអំណរថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតកម្មវិធី The Voice Kids រដូវកាលទី២ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ខាងមុខ»។

នាងបន្តថា «នៅថ្ងៃទី២៧នោះ មិនមែនជាវគ្គគោះប៊ូតុងទេ គឺជាវគ្គជម្រុះតែប៉ុណ្ណោះ»។ ដើម្បីជាចំណង​ដៃជូន​បង​ប្អូន ក៏ដូចសាកសម្លេងរបស់នាងផងនោះ កុមារី សាន ម៉ីនាង បានលើកបទ «ឈឺចាប់ ២ដងបានហើយ» ដែលជាបទសំនៀងដើមរបស់បងស្រីបង្កើតសព សាន ស្រីឡៃ មកធ្វើការបកស្រាយជូនបងប្អូនស្តាប់ទុកជាការកម្សាន្ត តែភ្លាមៗនោះ ក៏ទទួលបានការគាំទ្រសន្ធឹកដែរ ដោយពួកគេបានសរសើរថា «ច្រៀងពីរោះអាចមាន​ឱកាសលើកពាន»។

សូមទស្សនាវីដេអូ!!