ភ្នំពេញ៖ ស្ថានភាពជំងឺ ឪពុក ដាច់សរសៃឈាមក្នុងខួរក្បាល មិនទាន់មានសញ្ញាជាក្តីសង្ឃឹម តារាសម្តែង លាង ឧត្តម ហាក់នៅមិនស្រណុក ទាំងចិត្តទាំងកាយ ហើយក៏គ្មានវិធីណាជួយឪពុកក្រៅពីអង្គុយសំកុក ក្នុងរង់ដំណឹងដោយចិត្តអន្ទះសារ។
ទប់ក្តីអាណិត តារាភាពយន្ត លោក លាង ឧត្តម មិនបាននោះទេ មហាជនដែលបានឃើញ តារាសម្តែងរូបនេះ អង្គុយក្នុងសភាពអស់សង្ឃឹម ធ្វើមុខក្រៀម បង្ហាញនៅក្នុងគណនីហ្វេសប៊ុក ភ្ជាប់មកជាមួយរូបថតឪពុក មានតែរូបគេងនៅលើគ្រែពេទ្យ ទាំងស្ទើពេញដោយតួខ្លួននិងអវៈយវៈ ក៏ជាប់ដោយឧបករណ៍បច្ចេកទេសពេទ្យយ៉ាងច្រើនខ្វាត់ខ្វែង។
បន្ថែមរូបភាពគួរឲ្យសង្វេកនេះ តារាភាពយន្តរមែងបង្ហាញខ្លួនក្នុងភាពយន្តក្នុងតំណែងជាតួឪពុករូបនេះ បានពោលថា«តែមួយពព្រិចភ្នែក កូនហៅ ពុកលែងឆ្លើយ តស៊ូណាពុកយកឈ្នេះជម្ងឺមួយនេះអោយបានណាពុកណា»។
មុននេះ លោក លាង ឧត្តម បានប្រាប់តារាញូស៍ ពីដើមចម ដែលនាំឲ្យឪពុកឈឺដេកស្តូកស្តឹងនេះថា «ឪពុកខ្ញុំកំពុងស្ថិតក្នុងបន្ទប់ពេទ្យ សង្គ្រោះបន្ទាន់ ក្រោយពីគាត់នៅសុខៗក៏ងងឹតមុខដួល ហើយគ្រួពេទ្យថា គាត់ដាច់សរសៃរឈាមខួរក្បាល និងសរសៃបេះដូងផងដែរ»។
ជាថ្មីលោកក៏បានប្រាប់ទៀតថា «ពេលនេះនៅមិនទាន់ដឹងពីស្ថានភាពគាត់យ៉ាងណា ហើយត្រូវវះកាត់ឬយ៉ាងណាក៏នៅដែរ ព្រោះពេទ្យកំពុងតាមដានសិន ។ តែពេលនេះឪពុកខ្ញុំគាត់ក៏និយាយស្តីមិនរួចដែរ ។ ខ្ញុំក៏មិនដឹងយ៉ាងណាដែរមានតែចាំមើលពេទ្យគេប្រាប់ថា ម៉េចៗសិន៕
