មណ្ឌលគិរី៖ រំលងមិនទាន់១សប្តាហ៍ផង មានករណីពុលទឹកមួយទៀតហើយបានកើតឡើងនាយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ នៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា បណ្ដាលឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ។

ពលរដ្ឋរងគ្រោះទាំង១៤នាក់នោះ ក្រោយពីមានការជួយសង្គ្រោះ ពុំមានប៉ះពាល់​ដល់អាយុជីវិតនោះទេ​ ហើយក្នុងនោះមានប្រជាពលរដ្ឋចំនួន០៦នាក់​ មានអាការៈធូរស្បើយហើយ​ អាចត្រលប់ទៅគេហដ្ឋានវិញ។ នៅសល់០៨នាក់ទៀត កំពុងតែធ្វើការសង្គ្រោះបន្ទាន់។

យ៉ាងណាករណីនេះត្រូវបានក្រុមពលរដ្ឋលើកឡើងថា «ដោយសារពលរដ្ឋដឹងទាន់ទើបរាយការណ៍ទៅអាជ្ញាធរបានរហ័ស និងត្រូវបានទាក់ទងឡានពេទ្យខ្វាត់ខ្វែងឲ្យមកជួយសង្រ្គោះ មិនដូចករណីនៅខេត្តក្រចេះឡើយ កើតរឿងរំលងបាន១យប់ហើយ ទើបអាជ្ញាធរមូលដ្ឋានដឹង អញ្ចឹងហើយបានមានអ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិតតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ»។