ភ្នំពេញ៖ បន្ទាប់ពី ក្រសួងបរិស្ថាន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ២នាក់ប្តីប្រពន្ធម្ចាស់ឆាណែលយូធូបឈ្មោះ «Natural Life TV» ដែលបានបង្ហោះវីដេអូកាប់ស្លាប់សត្វព្រៃទៅចំណីអាហារនោះ បានចូលខ្លួនមកក្រសួង នៅរសៀល ថ្ងៃទី១០ ឧសភានេះ ដើម្បីសារភាពទោសកំហុស ដែលរូបគេបានប្រព្រឹត្តកន្លងមក។

ស្ត្រីវ័យក្មេងដែលជាតួឯកស្រីក្នុងសម្លាប់សត្វព្រៃនោះ សារភាពថា «ខ្ញុំ និងប្តី មិនមែនជាអ្នកស្លាប់សត្វព្រៃឡើយ ពោលគឺទិញតពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាមយូធូប និងហ្វេសប៊ុក​ គោល​បំណងស្វែងរកថវិកាតែប៉ុណ្ណោះ»។

នៅក្នុងការផលិតវីដេអូនោះ ប្តីជាអ្នកកាន់កាមេរ៉ា ចំណែកឯប្រពន្ធជាអ្នកធ្វើសកម្មភាពកាប់សម្លាប់សត្វព្រៃ។ នៅរសៀលថ្ងៃនេះ ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថានពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះទៅទៀត។