ភ្នំពេញ៖ តារាចម្រៀងមិនអស់អាល័យពីសិល្បៈ ស៊ូ ស៊ីរីកា បានរំលេចរូបកៀកកើយជាមួយតារាចម្រៀងប្រុសស្អាត សុគន្ធ ថេរ៉ាយុ បង្កឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងប្រាប់មហាជនថា នាងជាគូព្រេងជាមួយ សុគន្ធ ថេរ៉ាយុ។

ទន្ទឹមនោះ តារាចម្រៀងម្ចាស់បទ «ស្រលាញ់បងលើសហើយ» ស៊ូ ស៊ីរីកា បានសារភាពចិត្តស្នេហ៍លើ សុគន្ធ ថេរ៉ាយុ ក្នុងសំណេរថា «គេថាសមគ្នាណាស់ តែមិនជឿដល់ថតចឹងបានដឹងថាសមខ្លាំង គូព្រេងច្បាស់ក្រឡែត»។

 

យ៉ាងណាគូច្បាស់ក្រឡែតរបស់នាង ស៊ីរីកា គឺលោក សុគន្ធ ថេរ៉ាយុ មិនបានលើកឡើង ឬឆ្លើយតបយ៉ាងណានោះទេ ប៉ុន្តែម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Kim San»​ បានបញ្ជាក់ថា «សុគន្ធ ថេរ៉ាយុ មានម្ចាស់ហើយ! ប្រយ័ត្នរត់មិនទាន់»។ ទោះបីដឹងថា បុរសសង្ហាតារាចម្រៀងសម្បូរទ្រព្យរូបនេះ មានម្ចាស់ចិត្តទៅហើយក្តី ក៏ ស៊ីរីកា ប្រាប់ថា «នៅក្បែរខ្ញុំជារបស់ខ្ញុំ»។