ភ្នំពេញ៖ នាយ កុយ ជាមនុស្សដំបូងដែលបានស្កាត់ទៅជួបជាមួយលោក ចៅ ចាន់ណារី ក្រោយទទួលដំណឹងលោកចាកឆ្ងាយពីសិល្បៈទៅរស់នៅក្នុងព្រៃ នៃខេត្តត្បូងឃ្មុំ ដោយនាយបានព្យាយាមពន្យល់ពីហេតុផល និងអូសទាញអតីតតារាភាពយន្ត ចៅ ចាន់ណារី ឲ្យវិលប្រឡូកក្នុងវិស័យនេះឡើងវិញ ខណៈនោះនាយ កុយ ធ្លាប់ប្រាប់តារាញូស៍​ថា «បើគាត់ចូលសិល្បៈ គាត់អាចម្តែងតួឪពុកបាន»។

តាមរយៈការបំផុសបំផុលរបស់នាយ កុយ នោះត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។ ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បាន​ជួយ​សាងសង់ផ្ទះរបស់លោកបង្ហើយនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ខណៈផ្ទះរបស់លោកសង់ជិត ១០ឆ្នាំហើយ តែមិនទាន់រួចរាល់។

ដោយមើលឃើញថា លោក ចៅ ចាន់ណារី មានភាពរឹងមាំឡើងវិញ ទើបលោក ជួង ជី ហៅនាយ កុយ លើកឡើងក្នុងសំណេរថា «ខ្ញុំសប្បាយចិត្តពេលដែលខ្ញុំបានជួយបង ចៅ ចាន់ណារី ដល់កោះដល់ត្រើយហើយក៏អរគុណដល់សម្តេច និងលោកជុំទាវ តែងតែយកចិត្តទុក្ខដាក់ចំពោះសិល្បៈចាស់ជរា ហើយលោកជួយដល់សមាគមសិល្បៈ ក្នុងមួយឆ្នាំប្រាំមុឺនដុលារទៀតសម្រាប់ជួយដល់សិល្បៈចាស់ជរាទៀតផង»។