ភ្នំពេញ៖ ល្ងាចថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យយាងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អៀវ បណ្ណាការ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទ្រព្យផ្ទាល់ ដើម្បីចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រមដល់គ្រួសារ ឯកឧត្តម អៀវ បណ្ណាការ។

ឯកឧត្តម អៀវ បណ្ណាការ ត្រូវបានគេស្គាល់ថា ជាផលិតករភាពយន្តជំនាន់ទី១ របស់កម្ពុជា និងជាផលិតករភាពយន្តដំបូងបង្អស់ក្នុងស្រុកខ្មែរដែលទទួលការបណ្តុះបណ្តាលក្នុងជំនាញថតភាពយន្តពីសហរដ្ឋអាមេរិក​ ក្នុងទសវត្សទី៥០ និងបានផលិតភាពយន្តថ្វាយព្រះមហាក្សត្រតាំងពីសម័យសង្គមរាស្រ្តនិយម។