ភ្នំពេញ៖ នៅសុខៗ តារាចម្រៀងកូនស្រីលោក ហួរ ឡាវី, កញ្ញា វី ឌីណែត ប្រកាសយ៉ាងដាច់អហង្ការលែងត្រូវការស្នេហាចាប់ពីថ្ងៃនេះតទៅ ព្រោះតែស្នេហាបានធ្វើឲ្យនាងឈឺចាប់ស្ទើរស្លាប់ស្ទើររស់។ តារាចម្រៀងទ្រនំហង្សមាស វី ឌីណែត បានលាតត្រដាងរឿងក្នុងចិត្តលើបណ្តាញសង្គមថា «ខ្ញុំលែងត្រូវការស្នេហា ស្នេហាធ្វើឲ្យខ្ញុំឈឺចាប់រស់នៅពិបាកជាងស្លាប់ពេលនឹកគេម្ដងៗ»។

សារឈឺចាប់នេះ ត្រូវបានអ្នកស្គាល់ប្រាប់ទាំងចម្ងល់ថា «ទេ! កន្លងមកខ្ញុំមិនដែលដឹងថានាងមានស្នេហាជាមួយអ្នកណាម្នាក់ឡើយ ហើយដំណឹងលេចឮមាត់ចាបមាត់ព្រាបក៏គ្មានដែរ ម៉េចបាននាងថាឈឺចាប់ព្រោះស្នេហា ខ្ញុំដូចមិនជឿទេ»។ ទោះបីអ្នកនៅវិញខ្លួននាងមិនជឿថានាងឈឺចាប់ក៏ដោយ ប៉ុន្តែនាងប្រាប់ច្បាស់ណាស់ថា «ឈឺចាប់ព្រោះស្នេហា» ឬក៏នាងមានស្នេហាប៉ុន្តែគ្មានអ្នកណាដឹង សូម្បីមិត្តភក្រនាងក៏ដោយ ព្រោះថា ឌីណែត ជាមនុស្សម្នាក់អាថ៌កំបាំងណាស់រឿងល្មមៗ មិនដែលឲ្យអ្នកណាដឹងឡើយ ទាល់តែមានរឿងធំ ទ្រាំលែងបានទើបទម្លាយឲ្យគេដឹងដើម្បីឲ្យជួយដោះស្រាយ។