ភ្នំពេញ: ក្នុងរាត្រីដ៏សែនមហោឡារិកនៃពិធីទទួលស្វាគមន៍ម្ចាស់ពានរង្វាន់ចាប៉ីដងវែង ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វិលពីទទួលពានរង្វាន់ហ្វូកុអូកាពីប្រទេសជប៉ុន នៅក្នុងសាលសន្និសីទចតុមុខ ដែលអមដោយវត្តមានមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសិល្បករសិល្បការិនី ក្នុងចំណោមវត្តមាននោះ តារាចម្រៀងច្បាស់នឹងទម្រង់សិល្បៈបុរាណ កញ្ញា ស៊ូ ដាណេ បានធ្វើឲ្យអ្នកសិល្បៈរួមអាជីពភ្ញាក់ផ្អើលនឹងជំហរតាំងចិត្តធ្វើអ្នកស្នងមរតកចាប៉ីដងវែង។
នៅក្នុងសង្គមសិល្បៈ សុទ្ធតែបានដឹងហើយថា កញ្ញា ស៊ូ ដាណេ ដែលមានសម្បុរខ្មៅស្រអែម នាងមិនត្រឹមតែជាតារាចម្រៀងនោះទេ ពោលគឺតារាស្រីរូបនេះ ក៏ជាគ្រូបង្ហាត់របាំបុរាណ ហើយរយៈពេលចុងក្រោយនាងក៏វិវត្តធ្វើជាតួសម្តែងល្ខោនបាសាក់ផងដែរ។
ប៉ុន្តែទន្ទឹមនឹងភាពភ្ញាក់ផ្អើលពីជំហរដែលនាងបង្ហាញមហិច្ឆតាដើរលើគន្លងសិល្បៈបុរាណ ផ្នែកចាប៉ីដងវែង នៅក្នុងរាត្រីប្រជាជាតិខ្មែរ សាទរនឹងព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ វិលពីទទួលពានរង្វាន់ ហ្វូកុអូកានៅសាលសន្និសីទចតុមុខ ពេលនេះលោកគ្រូ ចាន់ ផល ប្រធានសិល្បៈរាជធានី ដែលនាំ កញ្ញា ស៊ូ ដាណេ ឡើងសំពះ លោកតា គង់ ណៃ សុំ ធ្វើជាគ្រូរៀនជំនាញសិល្បៈចាប៉ី លោក បានបង្ហាញថា៖ «ខ្ញុំសប្បាយចិត្តដែលមានអ្នកសិល្បៈជំនាន់ក្រោយ ដាក់ចិត្ត ដាក់កាយរៀនអំពីជំនាញសិល្បៈចាប៉ី ដែលទម្រង់នេះ ក្រសួងក៏មានក្តីបារម្ភ ពីកង្វះអ្នកបន្តវេន»។
