ភ្នំពេញ៖ ពិធីការនីប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន យុគ ចិន្តា ដែល មានវ័យជ្រេ និង មានកូនស្រីធំទន្ទឹមខ្លួនក៏ពិតមែន តែមានសម្រស់ និង រូបរាងស្រឡូនស្អាតមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ។ អ្វីដែលកត់សម្គាល់នោះ កាលពីពេលថ្មីៗនេះ ពិធីការិនីវ័យចាស់វស្សារូបនេះថែមទាំងក្លាយជាអ្នកតំណាងឱ្យផលិតផលមួយ ដែលទើបតែថតផ្សព្វផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះនៅប្រទេសថៃ ។

បង្ហាញពីឱកាសក្លាយជាតំណាងផ្សព្វផ្សាយផលិតផលនោះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះបានសរសេរថា «សូមអរគុណដល់ទំនុកចិត្តនឹងភាពជឿជាក់របស់ម្ចាស់ផលិតផល ក្នុងការជ្រើសរើសនាងខ្ញុំជាតួឯក នឹងជាអ្នកតំណាងផលិតផលផ្តាច់មុខជាមួយនឹងស្ប៉តពាណិជ្ជកម្មថ្មីនេះ»។ បន្ថែមពីសារសូមអរគុណសម្រាប់ការរួមសហការការងាររវាងក្រុមផលិតខ្មែរ ថៃ ដែលបានជ្រោមជ្រែងការថតដោយបញ្ចប់ទៅដោយភាពល្អប្រសើរយ៉ាងក្រៃលែង ស្ប៉តថ្មីបានបញ្ចប់ហើយ។ ពិធីការិនីរូបនេះ បានលើកឡើងថា« ជាពេលវេលាមួយសម្រាប់ត្រលប់ទៅបំពេញកិច្ចការងារផ្សេងៗជាច្រើនទៀត នៅប្រទេសកម្ពុជា»។

ដូចនេះ ទោះបីជាមានការមមាញឹកជាមួយការងារយ៉ាងណាក្តី តែយុគ ចិន្តា នៅតែបំពេញតួនាទីជាម្តាយដ៏ល្អ ដែលតែងតែចំណាយពេលវេលាជាមួយកូនស្រីតែមួយរបស់អ្នកនាងគឺថៅកែអម ៕