ភ្នំពេញ៖ តារាសម្តែង យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺមានទឹកមុខស្លេកស្លាំង និងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមគណនីហ្វេសប៊ុករបស់ប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា«តារាសម្តែង យូ ឌីស្កូ កំពុងមានជំងឺជាទម្ងន់ ឥឡូវនេះពួកយើងកំពុង ពិគ្រោះ និង រង់ចាំលទ្ធផល ហើយគាត់ក៏ប្រឈមមុខនិងការបញ្ចូលឈាម»។

 

ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥ ដែលរមែងបង្ហាញសកម្មភាពសស្រាក់សស្រាំនិងដំណើរសួរសុខទុក្ខអ្នកសិល្បៈរួមអាជីពពេលមានធុរៈនោះ អ្នកនាង ចន ច័ន្ទលក្ខិណាក៏បានពោលថា «អ្វីដែល ស្លុតបំផុតគឺគ្រាន់តែឃើញពួកខ្ញុំមកដល់គឺគាត់យំ និង ស្រវ៉ាចាប់ដៃពួកខ្ញុំ»។ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបថា«គាត់មានជំងឺទឹកនោមប្រៃធ្ងន់ធ្ងរ ពេលនេះកំពុងចាំលទ្ធផលថា អាចខូចក្រៀន និងត្រៀមលាងឈាម»។ ដូចនេះបើតាមសាដែលអ្នកនាង ចន ច័ន្ទលក្ខិណាប្រាប់ឃើញថាលោកយូ ឌីស្កូ កំពុងប្រឈមមុខខ្លាំង។