ក្រុងហ្វ៊ូកុអូកាៈ ទោះបីជាធ្លាប់មានអារម្មណ៍អាក់អន់ស្រពន់ចិត្តពីភាពពិការភាពតាំងពីវ័យ ៤ ឆ្នាំមក និងគិតថា ខ្លួនឯង បាននាំភាពលំបាកយ៉ាងច្រើនទៅដល់ក្រុមគ្រួសារ ជាពិសេសគឺលោកឪពុក អ្នកម្តាយ តែថ្មីៗនេះ លោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ក្លាយជាជនឆ្នើមម្នាក់ ក្នុងចំណោមអ្នកឆ្នើម ៣ រូបនៃប្រទេសតំបន់អាស៊ី-អាគ្នេយ៍បានទៅទទួលពានរង្វាន់ហ្វ៊ូកុអូកា ប្រចាំឆ្នាំ ២០១៧ (Fukuoka Prize 2017) នៅឯទីក្រុង និងខេត្ត ហ្វ៊ូកុអូកា ប្រទេសជប៉ុន ជាមួយនឹងបេក្ខជនឆ្នើមជាតិថៃ និងចិន។
ព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលទទួលបានគោរម្យងារពីព្រះមហាក្សត្រខ្មែរថា «ទេពកោសល្យវោហារ គង់ ណៃ» នាប៉ុន្មានឆ្នាំមុននេះ បានលះបង់ពេលវេលាយ៉ាងយូរលើការហាត់រៀនច្រៀងចាប៉ី និងមានភាពឈ្លាសវៃទៅលើការចងចាំសាច់រឿង និងពូកែខាងការចាប់យកចុងចួននៃពាក្យពេចន៍ច្រៀង គួរឲ្យកោតសរសើររូបនេះបានចេញពីប្រទេសកម្ពុជា ដើម្បីទៅទទួលពានហ្វ៊ូកុអូកា ឆ្នាំ ២០១៧ កាលពីថ្ងៃទី ១៨ ខែកញ្ញា និងបានវិលមកស្រុកខ្មែរវិញនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៧។
លោកព្រឹទ្ធាចារ្យ គង់ ណៃ មានវ័យ ៧១ ឆ្នាំ និងភរិយាមានវ័យ ៧៤ ឆ្នាំ ឈ្មោះ សាត់ ឆេន មានលំនៅឋានកំណើតនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ព្រមទាំងមានបុត្រាបុត្រីសរុបចំនួន ១១ រូប ខណៈនៅរស់បច្ចុប្បន្នមានចំនួន ១០ រូប (ប្រុស ៦) បានថ្លែងពីអារម្មណ៍ដ៏រំភើបចិត្តខ្លាំង ចំពោះការទទួលបានពានរង្វាន់ផ្នែកសិល្បៈ និងវប្បធម៌ ដែលជាកិត្តិយស ដ៏ឧតុង្គឧត្តម្ភសម្រាប់ខ្លួនឯង និងប្រទេសជាតិ ថា៖ «ខ្ញុំរំភើប និងសប្បាយចិត្តជាពន់ពេក សម្រាប់ការប្រគល់ពានរង្វាន់ពីខាងម្ចាស់រៀបចំកម្មវិធីនៅឯទីក្រុង និងខេត្ត ហ្វ៊ូកុអូកា ប្រទេសជប៉ុន»។
