ភ្នំពេញ៖ ក្រោយពីមានព័ត៌មានថាតារាកំប្លែងមេម៉ាយកូន១អ្នកនាងខ្ញុង និងនាយ កៃដ មានទំនាក់ទំនងស៊ីជម្រៅជាមួយមក នាងក៏បានទម្លាយរឿងខ្លួនថា បានសែនព្រេនជាមួយនាយកៃដទៀតផង។ បច្ចុប្បន្នរស់នៅជាប្ដីប្រពន្ធតែម្ដង។ខ្ញុងថ្លែងថា ដំបូងឡើយខ្លួនគិតថា ចង់លាក់បាំងខ្លាចមហាជនដឹងថា មានប្ដីហើយអាចធ្លាក់ប្រជាប្រិយភាព ប៉ុន្តែដោយដំណឹងស្នេហានេះ មហាជនបានដឹងខ្លះហើយ ក៏ព្រមទម្លាយឲ្យអស់សាច់រឿងតែម្ដងទៅ។ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានរៀបរាប់ឲ្យដឹងថា ខ្ញុំនិង នាយ កៃដដំបូងឡើយគឺរាប់អានគ្នាធម្មតាទេ ដែលកាលនោះ នាយ កៃដ មិនបានជាប់ការប្រឡងឡើយ។ ប៉ុន្តែក្រោយពីខ្ញុំក្លាយជាតារាកំប្លែងមក នាយ កៃដ ក៏បាត់ទំនាក់ទំនងនឹងគ្នាជាង២ឆ្នាំ គឺទើបតែខាង CTN ហៅអតីតអ្នកដែលមានសមត្ថភាពដែលធ្លាប់ចូលប្រឡង មកចូលលេងកំប្លែងដោយពង្រីកក្រុមថ្មី ទើបបានជួបគ្នាម្ដងទៀត ហើយក៏ចាប់ផ្ដើមមានទំនាក់ទំនងគ្នាស៊ីជម្រៅបន្តិចម្ដងៗឡើងវិញ។

អ្នកនាង ខ្ញុង បានបញ្ជាក់ឲ្យថា «មូលហេតុដែលនាំឲ្យពួកយើងទាំងពីរជ្រើសរើសការសែនព្រេន មិនធ្វើពិធីរៀបអាពាហ៍ពិពាហ៍ ក៏ព្រោះតែខ្ញុំគិតថា ខ្លួនមិនសូវមានប្រាក់ច្រើន ម្យ៉ាងទាំងសងខាងសុទ្ធតែមេម៉ាយដូចគ្នា ក៏សម្រេចចិត្តសែនព្រេនតែម្ដងទៅ»។