ភ្នំពេញ៖ តារាសម្តែងលោក ឆាយ គន្ធា ដែលមានមុខងារជាមន្ត្រីជាន់ខ្ពស់នៅកងរាជអាវុធហត្ថ មានក្តីហ្មងសៅជាមួយពេលឃើញបងប្អូនមួយចំនួននាំគ្នាឧបត្ថម្ភទូរស័ព្ទ និងថវិកាជូនលោកមន្ត្រីប៉ូលីសទះកំផ្លៀងមនុស្សស្រីទន់ខ្សោយនៅជិតផ្សារអូឡាំពិកឡើយ ដោយលោកបានលើកឡើងថា «ខ្ញុំមិនគាំទ្របុគ្គលជាអ្នកអនុវត្តច្បាប់ចរាចរ ដែលជាបទល្មើសលហុ បង្កហឹង្សានៅទីសាធារណៈ ហើយត្រូវបានបុគ្គលមួយចំនួនលើកទឹកចិត្ត ហាក់ដូចជាគាំទ្រនូវការប្រើប្រាស់អំពើហឹង្សានៅក្នុងសង្គម»។
ទាក់ទិនរឿងនេះ លោក ផែន វណៈ ដែលជាតួអង្គប្រគល់ទូរស័ព្ទ និងថវិកាជូនលោក កៅ សំអុល នោះបានលើកឡើងថា «ការផ្ដល់អំណោយរបស់យើងខ្ញុំដើម្បីបុព្វហេតុមនុស្សធម៌សុទ្ធសាធ យើងខ្ញុំមិនគាំទ្រអំពើហឹង្សារបង្ករឡើងដោយលោកអនុសេនីយ៍ទោ កៅ សំអុល ទេ ហើយក៏មិនគាំទ្រទង្វើល្មើសច្បាប់ចរាចរបង្ករឡើងដោយលោកស្រី លីណា បុគ្គលិក ធនាគារអេស៊ីលីដាសាខាអូរឡាំពិក ដែរ»។ ទោះជាមានការលើកឡើងយ៉ាងណាក្តី ក៏លោក ឆាយ គន្ធា នៅតែថា «នេះជាគំរូអាក្រក់មួយនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន»។
