ថ្មីៗនេះនៅលើបណ្ដាញសង្គមមានការវែកញែកជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងការបន្តសិទ្ធរបស់កម្ពុជាជាមួយនឹងកម្មពិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Grand Internation ។
ជាការពិតណាស់មួយរយៈកន្លងទៅនេះរឿងរ៉ាវ Miss Grand Cambodia 2024 និង Miss Grand Internation បានធ្វើឱ្យកក្រើកវិស័យបវរកញ្ញាទាំងក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីម្ចាស់កម្មពិធីលោក Nawat បានធ្វើទង្វើមិនគប្បីមកលើកម្ពុជាដែលជាសហម្ចាស់ផ្ទះ ពោលគឺបានបញ្ចប់សិទ្ធជាម្ចាស់ផ្ទះរបស់កម្ពុជាទាំងកណ្ដាលទី ក្រោយហេតុផលថាកម្ពុជា Unprofessional ។ រឿងនេះបានឡើងកម្ដៅយ៉ាងខ្លាំងរហូតដល់កម្មពិធីមួយនេះបានបិទទំព័រហ្វេសប៊ុកមិនឱ្យប្រជាជនកម្ពុជាមើលឃើញឡើយ ខណៈកម្ពុជាក៏បានប្រកាសមិនចូលរួមប្រកួតដែលរៀបចំនៅប្រទេសថៃ ហើយក៏មានការធ្វើពហិកាបិទកម្មពិធីនេះមិនឱ្យមានបន្តនៅប្រទេសកម្ពុជាទៀតដែរ ។
ប៉ុន្តែបន្ទាប់ពីរឿងរ៉ាវនេះបានបញ្ចប់ស្ងប់ស្ងាត់ទៅមួយរយៈ ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះក៏លេចលឺពាក្យចចាអារ៉ាមថា កម្ពុជាអាចនឹងបន្តសិទ្ធជាមួយកម្មពិធី MGI នៅឆ្នាំក្រោយទៀត ។ ដំណឹងនេះបានធ្វើឱ្យមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ។
ក្រឡែកមកមើលអ្នកនាង អឹម សុគន្ធា ដែលជាអ្នកដឹកនាំកម្មពិធី MGC បន្ទាប់ពីបានឃើញរឿងនេះផ្ទុះឡើងជាថ្មីម្ដងទៀតក៏មិនបាននៅសង្ងំស្ងៀមឡើយ ពោលគឺអ្នកជំនួញដ៏មានប្រជាប្រិយភាព និងលេចធ្លោរក្នុងពេលបច្ចុប្បន្នរូបនេះបានបញ្ចេញ Status ទាំងយប់ភ្លាម ដោយអ្នកនាងនៅតែប្រកាន់ជំហរចាស់មិនប្រែប្រួលឡើយ ។ តាមរយៈសំណេរនោះអ្នកនាង អឹម សុគន្ធា បាននិយាយថា «ឃើញបងប្អូនសួរច្រើន ថាតើអាចមានវត្តមានកម្មវិធីនោះនៅស្រុកខ្មែរទៀតដែរឬទេ? សំរាប់រឿងនឹងពិតឬមិនពិតយើងមិនទាន់ដឹងច្បាស់ទេ ចាំមើលបន្តិចទៀតសិនបងប្អូន… ថាតើកូនខ្មែរណាហ៊ានទិញយកមក? ហើយនាងខ្ញុំក៏មិននៅស្ងៀមដែរបងប្អូន» ។
ពាក្យចចាមអារ៉ាមនេះមិនមែនតែអ្នកនាង អឹម សុគន្ធា ប៉ុណ្ណោះទេដែលឡើងកម្ដៅក្នុងចិត្ត តែអ្នកគាំទ្រវិស័យវរកញ្ញា និងអ្នកលេងបណ្ដាញសង្គមជាច្រើនបានផ្ទុះប្រតិកម្មហាក់មិនគាំទ្រឱ្យកម្មពិធីមួយនេះមាននៅប្រទេសកម្ពុជាទៀតឡើយ សូម្បីតែពិធីករ ជា វណ្ណារិទ្ធ ក៏បញ្ចេញមតិមិនស្វាគមន៍ដែរ ៕