សម្តែង ចន អេឡិចហ្សូរ៉ា និងតារាចម្រៀង ឌី សូនីតា ក្រោយការបង្ហាញភាពស្និទ្ធស្នាលកក្រើកឆាកសិល្បៈ មិនទាន់បានប៉ុន្មាន ក៏ថែមការចាប់អារម្មណ៍ទៅនឹងរូបថតកាន់ធៀបការម្នាក់មួយក្នុងដៃ ។ ដែលរឹតតែធ្វើឲ្យមហាជនគិតថា ពួកគេដឹកដៃគ្នាចូលរោងការនឹងគ្នា។
បកស្រាយនឹងដំណើរបណ្តើរគ្នាត្រសង់ក្នុងដៃមានកាន់ធៀបអញ្ជើញភ្ញៀវនោះ លោក ចន អេឡិចហ្សូរ៉ា ថា «ចំពោះរឿងមួយទៀត ដែលមហាជនយល់ច្រឡំថា ខ្ញុំនិង ឌី សូនីតា បាននាំគ្នាដើរចែកធៀបអញ្ជើញភ្ញៀវចូលរួមមង្គលការ មិនមែនជាការពិតទេ»។ លោក ហ្សូរ៉ា បានបញ្ជាក់ឲ្យដឹងថា ខ្ញុំគ្រាន់តែជួយជូន ឌី សូនីតា ចែកសំបុត្រអញ្ជើញភ្ញៀវ ដើម្បីចូលរួមអបអរក្នុងពិធីជប់លៀង ឡើងគេហដ្ឋានថ្មីរបស់នាង នាពេលឆាប់ៗនេះប៉ុណ្ណោះ!»។
តារាសម្តែងប្រុស-ស្រី រួមអាជីពសិល្បៈជាមួយគ្នា គឺលោក ចន អេឡិចហ្សូរ៉ា និងកញ្ញា ឌី សូនីតា នាពេលកន្លងមក ត្រូវបានមហាជនកត់សម្គាល់ឃើញថា រាល់សកម្មភាពរបស់អ្នកទាំងពីរ តែងបង្ហាញពីភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា ប្រៀបដូចជាស្រមោច និងស្ករ ធ្វើឲ្យមានមហាជនជាច្រើនគិតថា ពួកគេកំពុងតែបង្កាត់ភ្លើងស្នេហ៍ ជាមួយគ្នាទៀតផង៕
