ភ្នំពេញ៖ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានអះអាងថា «នៅថ្ងៃទី២៩ខែកញ្ញា នេះអ្នកនាងទទួលបានថវិកា ចំនួន ៨៣០ ដុល្លារ ពីតារាសម្តែងលោក ស៊ុក សុភា ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី ដើម្បីយកទៅប្រគល់ជូន តារាសម្តែងយូ ឌីស្កូ ដែលកំពុងមានជំងឺទឹកនោមប្រៃធ្ងន់ធ្ងរ សម្រាកព្យាបាលនៅមន្ទីពេទ្យ ព្រះកេតុមាលា។

 

ជាមួយគ្នានោះ គណនីហ្វេសប៊ុក ភរិយាតារាសម្តែង ស៊ុក សុភា ដែលមានឈ្មោះក្នុងហ្វេស Sarin lucky luy ដែលសរសេរជូនពរ «ប្អូនស្រីសូមជូនពរឲ្យបងប្រុសឆាប់ជា ពីជម្ងឺទាំងឡាយឲ្យអស់។ តស៊ូឡើងបងប្រុស សូមឲ្យបងរឹងមាំ ហើយឆាប់ចេញមកផ្ទះ ហើយក៏សង្ឃឹមថា យើងនឹងបានថតរូបជាមួយគ្នាសារជាថ្មីម្ដងទៀត»។ ក៏បង្ហាញឲ្យដឹងផងដែរថា« ប្អូននៅឆ្ងាយពេក ទើបមិនអាចជួយអ្វីច្រើនបាន តែប្អូននិងស្វាមីបានខំរកជំនួយ ពីថវិកាផ្ទាល់ខ្លួននិងថវិការបស់បងប្អូន។សរុបទាំងអស់ទៅគឺបានចំនួន ៨៣០ដុល្លារ អាមេរិក»។

អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករក៏បានបញ្ជាក់ប្រាប់ថា«ថវិកា លោក ស៊ុក សុភា ដែលផ្ញើមកជួយ លោក យូ ឌីស្កូ នៅរសៀលថ្ងៃទី២៩ខែកញ្ញា ខ្ញុំ រួមនឹងមិត្តភក្កិសិល្បករសិល្បការិនីជាច្រើននាក់ បានយកទៅជូនដល់ដៃ លោក យូ ឌីស្កូ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យ ព្រះកេតុមាលា ។