ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញវីដេអូ សមត្ថកិច្ចនាំខ្លួន បុរសរូបសង្ហាលេងស្ទាយសក់ដូចតារាកូរ៉េ ដែលគេស្គាល់គ្រប់គ្នាថា គ្រូសិល្ប៍ល្បីឈ្មោះ គ្រូអគី្គនេត្រ ពាក់ព័ន្ធគ្រឿងញៀន។ រំពេចនោះក៏មានចម្ងល់ផ្ទុះឡើងផងដែរថា នោះពែកមី ហៅគ្រូអគ្គីនេត្រ ថតរឿង«បន្តោងឆ្នាំងដី» ចឹងពេលនេះយ៉ាងម៉េចទៅ ភាពយន្តមួយនឹង?។

ដំណឹងពីការចាប់ខ្លួនបុរសវ័យក្មេង លេងខ្លួនស្ទាយយុវវ័យល្បីថា ជាគ្រូសិល្ប៍អគ្គីនេត្រ ដែលមានទាំងវីដេអូ បង្ហាញពីសមត្ថកិច្ចនាំខ្លួន ដៃជាប់ខ្នោះផងនោះ ក៏មានមហាជនជាច្រើន បង្ហាញនូវការខកចិត្តថា «ហ៊ឺ ហួសនិយាយអួតក្អោងៗ ខ្លួនគ្រូសិល្ប៍ មានមន្តអាគម ធ្វើស្នេហ៍បញ្ចូលចិត្ត អ្នករកស៊ីតូចធំឲ្យបានសមតាមបំណងប្រាថ្នា តែអាត្មាចុងក្រោយប្រកបរបរស្មោកគ្រោគ (ជួញដូរគ្រឿងញៀន) ។ គ្រូចឹងៗអីធ្វើឲ្យតែប៉ះពាល់សង្គមនឹងប្រពៃណី»។ ជាមួយគ្នានោះក៏មានមតិលើកឡើងផងដែរថា «គ្រូអគ្គីនេត្រ ហៅ វ៉ាន់ សុខសីហា ក៏ល្បីនាយ ពែកមី តារាកំប្លែងល្បី ហៅថតកុនជាមួយដែរ ។ ចុះបើពេលនេះតួសម្តែងម្នាក់នោះក្លាយជាអ្នកទោសចឹង តើរឿងនោះរងផងប៉ះពាល់យ៉ាងណាទៅ?។ ប៉ុន្តែក្រឡេកមើលនៅក្នុងគណនីហ្វេសប៊ុកនាយ ពែកមី ក៏មានសរសេរបង្ហាញពីការខកចិត្តផងដែរ បន្ទាប់ពី គ្រូអគ្គីនេត្រ ត្រូវចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។ ដោយសរសេរថា «ឃើញគ្រាន់បើ ខំហៅថតកុន ឥឡូវចប់។ ស្គាល់មុខមិនស្គាល់ចិត្តមែន កាលណាទើបផុតស៊យខ្ញុំ»។ ប៉ុន្តែយ៉ាងណាក៏មានការបញ្ជាក់ថា «កាលពីមុខនោះក្រុមការងារថតកុន ថតរឿង «បន្តោងឆ្នាំងដី»បានហៅ គ្រូអគ្គីនេត្រមកថតរឿងមែន ថតធ្វើគ្រូចាប់ខ្មោច ប៉ុន្តែការសម្តែងរស់គាត់មិនដល់ចំណុចដែលផលិតកម្មចង់បាន ក៏កាត់ចេញ នឹងថតសាថ្មី ហៅតួថ្មីថតជំនួញវិញ តាំងពីក្រោយថតបានពីរថ្ងៃម្លេះ ពោលគឺតាំងពីរយៈពេលមួយខែមុន អគ្គីនេត្រចាប់ខ្លួន។ ក៏មានការបញ្ជាក់ថា «ការចាប់ខ្លួន អគ្គីនេត្រ មិនមានអ្វីប៉ះពាល់រឿងកុននោះដែរ»។