ភ្នំពេញ៖ លោក ឡេង ណាវ៉ាត្រា ដែលគេស្គាល់ថា ជាអតីតពលករនៅប្រទេសកូរ៉េ ដែលបានផ្លាស់ប្តូរវាសនា ក្លាយខ្លួនជាថៅកែផលិតកម្មGalaxy ជាមួយនឹងជំនួញអចលនៈទ្រព្យក៏កំពុងជោគជ័យ ។ ថ្មីៗលោកបានស្គាល់មកជួបលោក ហេង ឡុង ដល់ទីស្នាក់ការសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម ខណៈអតីតពលកម្មឆ្លងទ្វីប រូបនេះក៏បង្ហាញពីការសហការណ៍យ៉ាងទទួចជាមួយនឹងសកម្មភាពមូលនិធិចាស់ជរា របស់សមាគមលោក ហេង ឡុង ។
ក្នុងជំនួបនោះ ផលិតករវ័យក្មេង វិវត្តន៍ខ្លួនពីឈ្មោះ ដ៏កម្សត់ អតីតពលករនៅប្រទេសកូរ៉េ លោក ឡេង ណាវ៉ាត្រា ក៏បង្ហាញឲ្យលោកហេង ឡុង ដឹងផងដែរថា «នៅរយៈពេលប្រហែលជាកន្លះខែខាងមុខនេះ ខ្ញុំមានគម្រោង យកថវិកាចំនួន១០០លានរៀលជួយដល់ កាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកដោះស្រាយការងារសង្គម។ ដែលទឹកចិត្តនេះខ្ញុំសម្រេចធ្វើឡើងនៅចំថ្ងៃ ដែលខ្ញុំបើសម្ភោធលក់គម្រោងផ្ទះវីឡាកូនកាត់ នៅខាងក្រោយផ្សារកាណាស៊ីធី ផ្លូវវេងស្រេង»។
ដើម្បីផ្សារភ្ជាប់ខ្លួននឹងការងារមនុស្សធម៌និងដើម្បីរំលែកទុក្ខលំបាកអ្នកសិល្បៈរួមអាជីព ក៏ដូចជារៀមច្បងសិល្បៈ ថៅកែផលិតកម្មGalaxy ដែលជាអតីតពលករនៅប្រទេសកូរ៉េ កាលពី៥ឆ្នាំមុននោះ លោក ឡេង ណាវ៉ាត្រា ក៏បង្ហាញប្រាប់លោក ហេង ឡុង ថា ពេលនេះទៅខ្ញុំនឹងចូលរួមជាមួយសកម្មភាពមូលនិធិសិល្បៈចាស់ជរា ចំនួន៥០លានរៀល ដើម្បីចុះជួយសិល្បករ សិល្បការិនីចាស់ជរា និងកំពុងមានទុក្ខផង»។
