​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៨ មិថុនា នេះ​សព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​បញ្ជូន​ទៅដល់​វត្ត​បុ​ទុម​វត្ត​ហើយ​ដើម្បី​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ខណៈដែល​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​គេ​ដឹងថា​កំពុង​សម្រាក​ព្យាបាល​បន្ត​នៅ​ទីក្រុង​បាងកក ប្រ​ទស​ថៃ​។​

​គួរ​ដឹងថា អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព នៅវេលា​ម៉ោងជាង​១២ រសៀល​ថ្ងៃទី​១៧ ខែមិថុនា ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជាមួយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ដោយ​បែក​ថ្លើម​មិនអាច​ជួយសង្គ្រោះ​បានឡើយ​។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧ មិថុនា នៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​ណ​ប់ ខេត្ដ​ព្រះសីហនុ ខណៈដែល​ព្រះអង្គ​កំពុង​យាង​ទៅ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​៕​