តាកែវ៖ ប្តីស្ត្រីឈឺពោះឆ្លងទន្លេលាន់មាត់ថា «យ៉ាប់» ប្រាប់លោកមេឃុំជីខ្មា រឿងប្រពន្ធទៅសម្រាលកូននៅមណ្ឌលសុខភាព ជីខ្ម តែគ្មានគ្រូពេទ្យសូម្បីតែម្នាក់ ហើយព្យាយាមទាក់ទងទៅគ្រូពេទ្យក៏មិនចូល។ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានសុទ្ធតែបានលើកឡើងស្រដៀងគ្នាថា «ពេលមានបញ្ហាម្តងៗ មកមណ្ឌលសុខភាពនេះលំបាកណាស់ ព្រោះគ្មានគ្រូពេទ្យនៅទេ ទោះម៉ោងធ្វើការក៏ដោយ ហើយប្រធានមន្ទីរពេទ្យក៏ពិបាកនិយាយគ្នាដែរ ឲ្យតែទូរស័ព្ទទៅគាត់ម្តង ដឹងថា ស្ពឹកមុខហើយ ព្រោះតែគាត់ប្រើសម្តីអសុរសតែម្តង»។

ខណៈប្រពន្ធឈឺពោះខ្លាំង មិនអាចទ្រាំចាំគ្រូពេទ្យបានក៏ហៅទូរស័ព្ទទៅលោកមេឃុំឲ្យជួយនិយាយក្រែងមានប្រសិទ្ធភាព បានគ្រូពេទ្យមកជួយសម្រាលកូន តែប្រធានមណ្ឌលសុខភាពហាក់គ្មានខ្លាចញញើតបន្តិចសោះឡើយ។ ម្ល៉ោះហើយចង់មិនចង់ស្ត្រីរូបនោះត្រូវប្តីប្រញាប់ដឹកទៅសម្រាលនៅមន្ទីរពេទ្យផ្សេងប្រកដដោយសុវត្ថិភាព។ លោកមេឃុំឃុំជីខ្មា ស្រុកទ្រាំង ខេ​​​​​​​​​ត្តតាកែវ បានឲ្យដឹងថា «រឿងនោះជាការពិត ហើយខ្ញុំបានស្នើរទៅថ្នាក់លើដើម្បីដកប្រធានមណ្ឌលចេញហើយ» តែប្រធានមណ្ឌលតបទាំងក្តៅវិញថា «បើពលរដ្ឋស្នើឲ្យដក ដកចុះ តែមិនមែនមេឃុំជាអ្នកដកទេ»។