ភ្នំពេញៈ តារាសម្តែងស្រី និងពិធីការិនីទូរទស្សន៍សម្រស់នៅតែស្អាត សាច់សខ្ចី និងដើមទ្រូងសិចស៊ី កញ្ញា គង់ វង្សយ៉ាទី ទើបតែដូរស៊េរីរថយន្តចាស់ Lexus 300 មកជិះ Lexus GX 470 កាលដើមឆ្នាំសោះ ថ្មីៗនេះក៏ស្រាប់តែមកជិះរថយន្តថ្មីសន្លាងម៉ាក Porsche វិញ នេះបើតាមសារបង្ហោះប្រាប់ថា៖ «Hello សមាជិកថ្មី» តាមអ៊ីនស្តាក្រាម មួយរំពេចក្រោយមកក៏លុបរូប និងសារនោះចោលវិញ។
តាមរយៈសារបង្ហោះនាពេលប៉ុន្មានម៉ោងតាមបណ្តាញអ៊ីនស្តាក្រាម គឺបញ្ជាក់ច្បាស់ណាស់ថា តារាសម្តែងស្រីកញ្ញា គង់ វង្សយ៉ាទី ពិតជាបានដូរមកជិះរថយន្តថ្មីម៉ាក Porsche ហើយនោះទំនងជានាងដឹងថា ច្បាស់ក្លាយជាចំណោទបញ្ហានៃការជជីកសួរ ទើបនាងបានសម្រេចលប់រូបចោលវិញ ហើយ ភ្នំពេញ ប៉ុស្តិ៍ ក៏មិនទទួលបានការស្រាយបំភ្លឺយ៉ាងណាដែរពីរូបនាង ខណៈទូរស័ព្ទលើកដំបូង ត្រូវបាននាងលើកទទួល ដោយគ្រាន់តែប្រាប់ខាងសារព័ត៌មានភ្លាម នាងក៏បិទទូរស័ព្ទវិញភ្លែត។
គេសង្កេតឃើញមួយរយៈពេលចុងក្រោយនេះ គេឧស្សាហ៍ឃើញ កញ្ញា គង់ វង្សយ៉ាទី បង្ហោះរូបសម្ភារប្រើប្រាស់ទំនើបៗ និងមានតម្លៃថ្លៃ តាមបណ្តាញសង្គមណាស់ ជារឿយៗក៏ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ពីប្រភពធនធានទិញរបស់របរទាំងនោះ ខណៈនាងតែងតែច្រានចោលថា គ្មានអ្នកណាជូន ហើយថា គ្រាន់តែជារូបទាញពី Google កាត់បិទថតរូបជាអនុស្សាវរីយ៍ព្រោះជាវត្ថុមួយស្ថិតក្នុងក្តីស្រមៃខ្លួន៕
