ភ្នំពេញ៖ ក្រោយពីប្តូរទ្រនំចាស់ផ្លាស់ចូលទ្រនំថ្មី ចូលមកជ្រកនៅផលិតកម្ម ថោន កញ្ញា ឈិត សុវណ្ណបញ្ញា នៅមិនទាន់មានអ្វីអាចទាក់ទាញ ចំណាប់អារម្មណ៍ទស្សនិកជនខ្លាំងនៅឡើយទេ។ តែកញ្ញានៅតែជឿលើសមត្ថភាពរបស់ខ្លួន ក្នុងទ្រនំថ្មីថានឹងអាចឡើងខ្ពស់នាពេលឆាប់ៗនេះ។ ជាមួយគ្នានោះ កញ្ញា ឈិត សុវណ្ណបញ្ជាបានបញ្ជាក់ថា«បទចម្រៀងរបស់ខ្ញុំនៅ ថោន មានច្រើនដែរហើយ តាំងចូលមក គឺជាង ១០បទឯណោះ ហើយបទខ្លះក៏ទាក់ទាញ ពីទស្សនិកជនដែរ។ ទោះមិនទាន់ទាក់ទាញខ្លាំង តែខ្ញុំនៅតែសង្ឃឹមថា វានឹងកាន់តែទាក់ទាញ សម្រាប់អ្វីដែលខ្ញុំត្រៀមថ្មីៗ នាពេលខាងមុខ»។ បន្ទរនឹងការអះអាងថា ក្រោយពីចូល មកផលិកម្មថ្មីបានមួយរយៈ ខ្លួនពិតជាទទួលបានបទពិសោធន៍ថ្មីជាច្រើន។ តារាចម្រៀងរូបនេះបានបន្តទៀតថា ទោះបីជាបទចម្រៀងទាំងនេះនៅមិនទាន់ ចាក់ចំបេះដូងអ្នកស្ដាប់ ក៏នៅតែគំនិតសុទិដ្ឋិនិយម ចំពោះខ្លួនឯង និង អាចមានលំនឹងដូចគេដូចគេដែរ។
កញ្ញា ឈិត សុវណ្ណបញ្ញាបានពោលថា «ការរកអ្វីដែលថ្មី សម្រាប់ទស្សនិកជន រួមនឹងបទចម្រៀងល្អដើម្បីលើកប្រជាប្រិយភាព ឱ្យខ្ពស់គឺពិតជាលំបាកណាស់»។ អតីតតារាចម្រៀងរបស់ផលិតកម្ម ហង្សមាស រូបនេះ បញ្ជាក់ថា ខ្ញុំកំពុងត្រៀមបទចម្រៀងថ្មី និងស្ទិលប្លែកៗជាច្រើន ដែលត្រៀមនឹងចេញនាពេលឆាប់ៗ ហើយក៏សង្ឃឹមទទួលការគាំទ្របានច្រើនពីទស្សនិកជន»។
