ភ្នំពេញ៖ សិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃ ដែលទើបនឹងជួបទុក្ខធំ ប្រពន្ធចាកលោកចោល ក្នុងវ័យជរា លោក តា ផ្លុង មឿក នៅយប់ថ្ងៃទី៣ខែតុលារក៏ត្រូវបានកូនៗនាំមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ បន្ទាប់ពីជំងឺសួត និងខួរក្បាលស្វិតធ្វើទុក្ខខ្លាំង។
បង្ហាញពីរូបភាពឈប្របនឹងគ្រែពេទ្យ ដែលសិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃ លោក តា ផ្លុង មឿក ដេកស្តូកស្តឹង ប្រឹងតែកែវភ្នែកបើកភ្លៀកៗនិងមាត់ម្ហប់ៗ នៅក្នុងគណនីហ្វេសប៊ុក លោក អ៊ឹម ជីវ៉ា ក៏បានសរសេរសារផ្សព្វផ្សាយថា «សូមជំរាបជូនដំណឹងបន្ទាន់ នៅវេលាយប់នេះ តារាចម្រៀងផ្នែកអាយ៉ៃ វីរៈសិល្បករ លោកតា ផ្លុង មឿក កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយជំងឺសួត និងខួរក្បាលស្វិត»។ លោក អ៊ឹម ជីវ៉ា ក៏បានបង្ហាញទៀតថា «ពេលនេះក្រុមគ្រួសារវីរៈសិល្បករលោកតា ផ្លុង មឿក កំពុងខ្វះខាតសូមឲ្យបងប្អូនសិល្បករជួយគាត់ដោយអនុគ្រោះផង »។
