ភ្នំពេញ៖ កញ្ញា វណ្ណ វល័ក្ខ គឺជាតារាសម្តែងស្រី មានប្រជាប្រិយភាព និងទីផ្សារ​សម្តែង​ច្រើនគួ​រសម បើប្រៀប​ទៅ​នឹងតារាសម្តែងស្រីឯទៀត។ ទន្ទឹមគ្នានៃអាជីពសិល្បៈ ផ្តើម​មាន​ការ​រីកលូតលាស់ខ្លាំងនោះដែរ កញ្ញា វណ្ណ វល័ក្ខ ក៏ចាប់ផ្តើមមានភាពហ៊ឺហារ ជាមួយ​សម្ភារៈ​ទំនើបៗ ប្រើប្រាស់សុទ្ធសឹងរបស់ ដែលមានតម្លៃថ្លៃៗ។ ប៉ុន្តែបើងាកទៅចាប់អារម្មណ៍ ពីជីវិតស្នេហារបស់នាងឯណោះវិញ គឺមិន​បាន​សមប្រក​ប​តាម​បំណងឡើយ ដោយនាងនិងសង្សាវ័យក្មេង ជាម្ចាស់ក្លឹបកម្សាន្តរាត្រីមួយ ក្រោយ​ស្រឡាញ់​គ្នាមិ​នយូរប៉ុន្មានផង ក៏បែកបាក់គ្នាវិញ។

យ៉ាងណាមិញ ក្រោយពេលដេកស្អំព្យាបាលបេះដូង ដែលឈឺ​ចាប់​នេះត្រ​ឡប់​មក​ដូច​គ្រា​ដើ​មវិញនោះ កញ្ញា វណ្ណ វល័ក្ខ កាលពីថ្មីៗកន្លងមកនេះ គេចាំបា​ន​ថា​ នាង​ក៏​បើក​សញ្ញា​ភ្លើង​ខៀវរង់ស្នេហ៍ថ្មី និងបុរស​ដែល​ស្រឡា​ញ់ខ្លួនសោះ ជាថ្មី។

ជាមួយគ្នានៃការប្រកាស ទទួលស្នេហ៍ថ្មីនោះដែរ កញ្ញា វណ្ណ វល័ក្ខ ក៏បាន​ប្រកាស​ប្រាប់​ខ្លួន​ឯង​ និងនារីៗឯទៀត ដើម្បីជាមេរៀនថា «ត្រូវចាំថា ស្រឡាញ់នរណា ដែលគេ​ស្រ​ឡាញ់​យើង​ កុំស្រឡាញ់នរណា ដែលយើង​ស្រឡាញ់​គេ!» ខណៈដែលកន្លងមក នាងធ្លា​ប់​ធ្លាក់​ខ្លួន​ជាជនរងគ្រោះ ព្រោះល្បែង​ស្នេហា​ម្តងរួច​មក​ហើយ​នោះ៕