ភ្នំពេញ៖ លើហ្វេសប៊ុកផ្លូវការសម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែតុលា បានសរសេរជូនដំណឹងថា ចាប់ពីពាក់កណ្តាលខែតុលានេះទៅ អ្នកប្រើប្រាស់ ស្ពានព្រែកព្នៅ (លីយ៉ុងផាត់) និងផ្លូវភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិ៦A នឹងមិនត្រូវបង់ថ្លៃទៀតទេ ដោយថារដ្ឋាភិបាលទិញផ្លូវនេះ មកធ្វើជាសម្បត្តិរដ្ឋវិញ។

ក្នុងសារដដែលនោះ សម្តេចនាយករដ្ឋមន្រ្តីក៏បានបង្ហាញថា «រាជរដ្ឋាភិបាលកម្ពុជានឹងទិញយកមកគ្រប់គ្រងវិញ ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។ការឈប់បង់ថ្លៃឆ្លងកាត់នេះនឹងចាប់ពី ម៉ោង ០០ :០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះតទៅ»។ គួរបញ្ជាក់ផងដែរថា ស្ពានព្រែកព្នៅ: មានប្រវែង ៩៩៦ម៉ែត្រ និងទទឹងប្រវែង ១៤ម៉ែត្រ សង់ឡើងឆ្លងកាត់ទន្លេសាប ស្ថិតក្នុងរាជធានីភ្នំពេញ។ ស្ពាននេះត្រូវបានគេសាងសង់ឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៨ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ចំណាយថវិកាអស់ចំនួន ៤៣,៥៥លានដុល្លារ ដោយក្រុមហ៊ុនវិនិយោគរបស់ឧកញ៉ា លី យ៉ុងផាត់»។